តុលាការអាមេរិកបង្គាប់ឲ្យក្រុមហ៊ុនផលិតថ្នាំបាញ់ស្មៅម៉ាក Roundup បង់ប្រាក់ ២,២៥ពាន់លានដុល្លារឲ្យបុរសម្នាក់ដែលបានកើតជំងឺមហារីកក្រោយប្រើប្រាស់ថ្នាំបាញ់ស្មៅម៉ាកនេះអស់រយៈពេលជាច្រើនឆ្នាំ
- BY
- Pheakdey
- January 29, 2024
អាមេរិក៖ តុលាការអាមេរិកបានបង្គាប់ឲ្យក្រុមហ៊ុន Bayer បង់ប្រាក់ឲ្យបុរសម្នាក់ចំនួន ២,២៥ពាន់លានដុល្លារជាសំណងដែលបុរសរូបនេះបានកើតមានជំងឺមហារីកក្រោយបានប្រើប្រាស់ផលិតផលថ្នាំបាញ់ស្មៅរបស់ក្រុមហ៊ុនដ៏ធំមួយនេះ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២៩ ខែមករានេះបានបញ្ជាក់ថា បុរសជាជនរងគ្រោះមានឈ្មោះថា John McKivision ជាពលរដ្ឋរស់នៅក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។

ប្រភពខាងលើបានបន្តថា ផលិតផលថ្នាំបាញ់ខ្មៅរបស់ក្រុមហ៊ុន Bayer ដែលជាដើមហេតុបង្កឲ្យលោក John McKivision មានជំងឺមហារីកនោះគឺថ្នាំបាញ់ស្មៅម៉ាក Roundup ខណៈបុរសជាជនរងគ្រោះតែងប្រើប្រាស់ផលិតផលម៉ាកនេះសម្រាប់បាញ់កម្ចាត់ស្មៅនៅទីធ្លាមុខផ្ទះរបស់គាត់អស់រយៈពេលជាច្រើនឆ្នាំមុនធ្លាក់ខ្លួនមានជំងឺមហារីក។ គួរកត់សម្គាល់ថា នៅក្នុងប្រាក់សំណងចំនួន ២,២៥ពាន់លានដុល្លារនោះគឺមានប្រាក់ចំនួន ២ផ្នែកផ្សេងគ្នា ដោយទី១ប្រាក់ដែលមានចំនួន ២៥០លានដុល្លារ គឺជាសំណងសម្រាប់ផលប៉ះពាល់ដល់រាងកាយជនរងគ្រោះ និងទី២ ប្រាក់ដែលមានចំនួន ២ពាន់លានដុល្លារផ្សេងទៀតនោះគឺជាប្រាក់រង្វាន់លើកទឹកចិត្តផ្តល់ជូនជនរងគ្រោះសម្រាប់ការផ្តល់ព័ត៌មានយ៉ាងសំខាន់អំពីគ្រោះថ្នាក់នៃផលិតផលថ្នាំបាញ់ស្មៅម៉ាក Roundup ជាសាធារណៈ ដើម្បីឲ្យក្រុមមានការកែតម្រូវគុណភាពផលិតផលរបស់ខ្លួន និងចែកចាយដំណឹងនេះទៅកាន់ពលរដ្ឋជាច្រើននាក់ផ្សេងទៀតឲ្យមានការប្រុងប្រយ័ត្នមុននឹងប្រើប្រាស់ផលិតផលខាងលើនេះ៕
ប្រភព៖ The Strait Time
- Share This Post:






