ព័ត៌មានជាតិ

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បំភ្លឺ និងច្រានចោលចំពោះការចុះផ្សាយព័ត៌មានមិនពិត ដែលថាអ្នកជំងឺម្នាក់បាត់បង់ជីវិតដោយសារមន្ទីរពេទ្យ

BY
Khmernote Media
January 30, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញលិខិតស្រាយបំភ្លឺ និងច្រានចោលទៅលើករណី Facebook មានឈ្មោះ SreyPich Thou (Laboon) និងសារព័ត៌មានក្នុងស្រុកមួយ ដែលបានចុះផ្សាយខ្លឹមសារព័ត៌មានមិនពិតលើករណីអ្នកជំងឺម្នាក់ ត្រូវបានក្រុមគ្រួសារបញ្ចូនមកផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២៖៣៧ រំលងអធ្រាត្រ ដោយអ្នកជំងឺមានសភាពធ្ងន់ធ្ងរខ្លាំង។

តាមការបញ្ជាក់នៅក្នុងសេចក្ដីបំភ្លឺ ករណីខាងលើនេះគឺក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះអស់ពីលទ្ធភាព ក្រោយពីបានធ្វើការពិនិត្យ និងវិភាគអមវេជ្ជសាស្ត្រទៅតាមលក្ខណៈបច្ចេកទេស ដើម្បីរកមូលហេតុឱ្យបានច្បាស់លាស់រួចមក លទ្ធផលបានបង្ហាញថា អ្នកជំងឺមានដាច់សរសៃឈាមខួរក្បាលបណ្តាលឲ្យហូរឈាមក្នុងខួរក្បាលធ្ងន់ធ្ងរ។

ក្រុមគ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់ បានពិភាក្សាជាមួយក្រុមគ្រូពេទ្យផ្នែកឯកទេសវះកាត់ខួរក្បាល និងបានពន្យល់អំពីស្ថានភាពធ្ងន់ធ្ងររបស់អ្នកជំងឺ ដែលហួសពីលទ្ធភាពក្នុងការជួយសង្គ្រោះតាមមធ្យោបាយវេជ្ជសាស្ត្រផ្សេងៗរួមទាំងការវះកាត់ខួរក្បាលផងដែរ ប៉ុន្តែក្រុមគ្រួសារអ្នកជំងឺបានសម្រេចចិត្តសុំយកអ្នកជំងឺទៅព្យាបាលបន្តនៅប្រទេសវៀតណាម។ បន្ទាប់មកក្រុមគ្រួសារអ្នកជំងឺបានទំនាក់ទំនងមកផ្នែករថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ ដើម្បីពិភាក្សាអំពីការបញ្ជូនអ្នកជំងឺបន្តទៅព្យាបាលនៅប្រទេសវៀតណាម ប៉ុន្តែក្រុមគ្រួសារអ្នកជំងឺបានសម្រេចចិត្តជ្រើសរើសយកសេវារថយន្តសង្គ្រោះបន្ទាន់ខាងក្រៅដោយខ្លួនឯង ហើយមន្ទីរពេទ្យបានសម្របសម្រួលអនុញ្ញាតឱ្យចេញទៅព្យាបាលបន្តនៅប្រទេសវៀតណាម៕

ប្រភព៖​ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

Share This Post: