ប្រជាជនវេណេហ្ស៊ូអេឡាបង្ខំចិត្តប្រើទឹកហូរពីលូ ដោយសារទីក្រុងកំពុងជួបបញ្ហាទឹកមានពណ៌ខ្មៅកខ្វក់ ខណៈវិបត្តិក្នុងប្រទេសកាន់តែវឹកវរ
ប្រទេសវេណេហ្ស៊ូអេឡាកំពុងជួបបង្ហាទឹកមានពណ៌ខ្មៅកខ្វក់ ដែលបណ្តាលមកពីវិបត្តិ និងការគ្រប់គ្រងរបស់ប្រទេសនេះ។ នៅក្នុងវីដេអូ និងរូបភាពដែលចេញដោយកាសែត Daily Mail ក៏បានបង្ហាញថា ប្រជាពលរដ្ឋនៅក្នុងទីក្រុង San Diego រដ្ឋ Carabobo កំពុងតែប្រើប្រាស់ទឹកដែលហូរចេញពីលូទឹកស្អុយ ដោយសារប្រព័ន្ធទឹកនៅក្នុងប្រទេសនេះមិនបានផ្គត់ផ្គង់ទឹកស្អាតឱ្យពួកគេទៀតទេ។ ប្រជាជនបានត្អូញត្អែរថា ប្រព័ន្ធទឹករបស់ពួកគេត្រូវបានបំផ្លាញដោយសារការបំពុលរបស់ប្រេងឆៅ ទីក្រុងរបស់ពួកគេកំពុងខ្វះខាតទឹកជាច្រើនខែមកហើយ ប៉ុន្តែវាកាន់តែអាក្រក់ខ្លាំង បន្ទាប់ពីមានការដាច់ភ្លើងពេញមួយអាទិត្យដែលធ្វើឱ្យដាច់ការផ្គត់ផ្គង់នៅក្នុងតំបន់មួយចំនួន។

យ៉ាងហោចណាស់អ្នកជំងឺ ១៧នាក់ ត្រូវបានស្លាប់នៅក្នុងមន្ទីរពេទ្យ ដែលភាគច្រើនពួកគេជាអ្នកដែលមានជំងឺតម្រងនោម ដោយសារតែការផ្គត់ផ្គង់ថាមពលដល់កន្លែងវេជ្ជសាស្រ្តត្រូវបានបញ្ឈប់។ ចាប់តាំងពីវិបត្តិនេះបានចាប់ផ្តើមជនជាតិវេណេហ្ស៊ូអេឡាជាង ៣ លាននាក់ បានបង្ខំចិត្តភៀសខ្លួនទៅបណ្តាប្រទេសនានានៅអាមេរិចខាងត្បូង ហើយវាជាហេតុដែលនាំឱ្យមានការប៉ះទង្គិចគ្នារវាងក្រុមអ្នកតវ៉ា និងកងកម្លាំងរដ្ឋាភិបាលនៅតាមព្រំដែន។
ការខ្វះខាតទឹកបានក្លាយជាផលប៉ះពាល់ដ៏អាក្រក់បំផុតមួយរបស់ប្រទេសនេះ ប៉ុន្តែរដ្ឋាភិបាលរបស់លោក Nicolás Maduro បានបន្ទោសមកអាមេរិកថាជាអ្នកនៅពីក្រោយ ខណៈអ្នករិះគន់របស់គាត់ហៅវាថា ជាអំពើពុករលួយ និងអសមត្ថភាពរបស់គាត់។ ការដាច់ភ្លើងរយៈពេលមួយអាទិត្យពេញបានធ្វើឱ្យស្ថានការណ៍នៃប្រទេសកំពុងប្រឈមមុខនឹងការដួលរលំសេដ្ឋកិច្ចហួសកម្រិតនេះកាន់តែអាក្រក់ឡើង ដែលសូម្បីតែទំនិញធម្មតាដូចជា៖ ម្សៅពោត និង ក្រដាសអនាម័យ ក៏មានតម្លៃថ្លៃមិនអាចទទួលយកបាន។



អត្ថបទ៖ លីដា
ប្រភព៖ dailymail