តុលាការអាមេរិកសម្រេចលុបចោលកិច្ចព្រមព្រៀងដែលក្រុមហ៊ុន Tesla ត្រូវបង់ប្រាក់ឲ្យលោក Elon Musk ចំនួន ៥៦ពាន់លានដុល្លារ
- BY
- Pheakdey
- January 31, 2024
អាមេរិក៖ តុលាការអាមេរិកបានសម្រេចលុបចោលកិច្ចព្រមព្រៀងដែលក្រុមហ៊ុន Tesla ត្រូវផ្តល់ប្រាក់រង្វាន់ឲ្យទៅលោក Elon Musk ចំនួន ៥៦ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃពុធ ទី៣១ ខែមករានេះ។ គួររម្លឹកជូនថា កិច្ចព្រមព្រៀងខាងលើនេះត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១៨កន្លងទៅ ក្រោយមានការប្រជុំនិងពិភាក្សាយ៉ាងល្អិតល្អន់ពីសំណាក់ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Tesla ។

យ៉ាងណាក្តី មានម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ជាច្រើននាក់មិនសប្បាយចិត្តជាមួយនឹងកិច្ចព្រមព្រៀងខាងលើនេះទេ ហើយពួកគេបាននាំគ្នាដាក់ពាក្យបណ្តឹងទៅកាន់តុលាការរដ្ឋ Delaware ដើម្បីស្វែងរកការជួយអន្តរាគមន៍។ ក្រោយបើកការស៊ើបអង្កេតយ៉ាងស៊ីជម្រៅជុំវិញករណីដ៏រសើបមួយនេះ តុលាការសហព័ន្ធអាមេរិកក៏បានបង្គាប់ឲ្យលុបចោលកិច្ចព្រមព្រៀងផ្តល់ប្រាក់នេះចោលវិញ ដោយលោកចៅក្រម Kathaleen McCormick បានបញ្ជាក់ថា កិច្ចព្រមព្រៀងខាងលើនេះត្រូវបានធ្វើឡើងដោយមានលក្ខណៈមិនសមស្របទៅតាមច្បាប់ពាណិជ្ជកម្មនោះទេ។ ដូចនេះមានន័យថា លោកមហាសេដ្ឋី Elon Musk និងត្រូវបាត់បង់ប្រាក់អស់ចំនួន ៥៦ពាន់លានដុល្លារ ហើយតំណែងជាមហាសេដ្ឋីលំដាប់កំពូលលើពិភពលោករបស់គាត់ក៏ត្រូវធ្លាក់ចុះផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ BBC
- Share This Post:






