អន្តរជាតិ

ក្មេងស្រីអាយុ ៥ឆ្នាំម្នាក់បានបាត់បង់ជីវិតក្រោយម្តាយភ្លេចយកនាងចេញពីក្នុងរថយន្តអស់រយៈពេល ៤ម៉ោង

BY
Pheakdey
February 1, 2024

ម៉ាឡេស៊ី៖ ក្មេងស្រីអាយុ ៥ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយម្តាយរបស់នាងបានទុកនាងនៅក្នុងរថយន្តអស់រយៈពេល ៤ម៉ោង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១ ខែកុម្ភៈនេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅឯចំណតរថយន្តរបស់មន្ទីរពេទ្យ Shah Alam ដែលមានទីតាំងស្ថិតនៅក្នុងរដ្ឋ Selangor នៃប្រទេសម៉ាឡេស៊ី។

ប្រភពខាងលើបានបន្តថា ស្រ្តីជាម្តាយរបស់ក្មេងស្រីរងគ្រោះគឺជាបុគ្គលិកបម្រើការងារនៅក្នុងមន្ទីរពេទ្យខាងលើ ហើយនៅក្នុងថ្ងៃកើតហេតុនោះរូបគាត់បានទៅទទួលយកកូនស្រីពីមជ្ឈមណ្ឌលមើលថែរកុមារជំនួយប្តីរបស់គាត់ ហើយបន្ទាប់មកគាត់ក៏ត្រលប់មកបន្តការងារនៅក្នុងមន្ទីរពេទ្យវិញ។ ដោយភ្លេចគិតថាកូនស្រីរបស់គាត់បានគេងលក់នៅកៅអីខាងក្រោយ ស្រ្តីជាម្តាយក៏បានពន្លត់រថយន្តនិងទុកឲ្យក្មេងស្រីរងគ្រោះបន្តគេងនៅក្នុងនោះចាប់ពីម៉ោង ២រសៀលដល់ម៉ោង៦ល្ងាច។ លុះដល់ពេលល្ងាចប្តីរបស់គាត់ក៏បានតេសួរនាំគាត់អំពីកូនស្រី ទើបគាត់ដឹងថាភ្លេចកូនស្រីនៅក្នុងរថយន្ត ហើយនៅពេលដែលគាត់ទៅដល់រថយន្តវិញនោះគឺកូនស្រីរបស់គាត់បានស្លាប់បាត់បង់ជីវិតទៅហើយ។ ករណីនេះអាចជាមេរៀនដាសតឿនដល់ឪពុកម្តាយគ្រប់គ្រង់ត្រូវចេះប្រយ័ត្នឲ្យបានគ្រប់ពេលវេលាចំពោះក្មេងតូចៗដែលរួមដំណើរក្នុងរថយន្តជាមួយគ្នា ព្រោះបើមានការធ្វេសប្រហែលតែបន្តិចគឺរឿងអកុសលអាចនឹងកើតមានគ្រប់ពេល៕

 អត្ថបទ៖​ភក្តី

ប្រភព៖ The Strait Time

Share This Post: