ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើទៅក្រុមបំពុលសង្គម ឱ្យបញ្ឈប់នូវការបំពុលព័ត៌មាន ដោយងាកមកការពារសុខភាពខ្លួនឯងល្អជាងមកគិតពីក្រុមគ្រួសាររបស់សម្តេច

BY
Khmernote Media
February 2, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានផ្ញើសារប្រាប់ទៅក្រុមបំពុលសង្គម ឲ្យបញ្ឈប់នូវការបំពុលព័ត៌មាន និងងាកមក ការពារសុខភាពខ្លួនឯងល្អជាងមកគិត ពីក្រុមគ្រួសាររបស់សម្តេច។

ការចេញសាររបស់សម្តេចតេជោ បានធ្វើឡើងក្រោយពីមានក្រុមបំពុលសង្គម បានរបង្កើតនូវព័ត៌មាន ដែលថាភរិយារបស់សម្តេច កំពុងបញ្ជូនទៅព្យាបាលនៅបរទេស។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ បានលើកឡើងថា « ២ថ្ងៃចុងក្រោយនេះមានការផ្សព្វផ្សាយនូវព័ត៌មានដែលនិយាយពី ភរិយាខ្ញុំមានជម្ងឺ។ នេះវាជារឿងពិតហើយក្រុមគ្រួសារខ្ញុំ ក៏គ្មានការលាក់បាំងនិងក៏គ្មានការ ចាំបាច់ផ្សព្វផ្សាយជាដំណឹងអ្វីដែរ។

កាលពី៤ថ្ងៃមុនភរិយាខ្ញុំដួលក្នុងបន្ទប់សម្រាក ធ្វើឱ្យប៉ះដល់ក្បាល ដែលចាំបាច់ត្រូវយកទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ។ បន្ទាប់ពីការពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ពីគ្រូពេទ្យ សុខភាពគាត់ល្អប្រសើរ តែមិនទាន់ចាកចេញពីមន្ទីរពេទ្យនៅឡើយ ព្រោះត្រូវរង់ចាំការថតក្បាលជាលើកទី៣ ដើម្បីមើលសរសៃដែលរងនូវការប៉ះទង្គិចនោះ។ ការបង្កើតនូវព័ត៌មានថាភរិយាខ្ញុំកំពុងបញ្ជូនទៅព្យាបាលនៅបរទេសគឺជារឿងមិនពិត។

ទូលព្រះបង្គំសូមអរព្រះគុណថ្វាយហ្លួងម៉ែ ដែលបានយាងទៅសួរសុខទុក្ខភរិយាទួលព្រះបង្គំដែលជាបុត្រីធម៌របស់ព្រះអង្គដលមន្ទីរពេទ្យ។ សូមអរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បងប្អូនជនរួមជាតិដែលចូលរួមកង្វល់ ពីសុខភាពភរិយាខ្ញុំ។

ឆ្លៀតឱកាសនេះ ក៏សូមជូនសារទៅពួកអាក្រក់ សូមបញ្ឈប់នូវការបំពុលព័ត៌មាន និងសូមយកចិត្តទុកដាក់ ការពារសុខភាពខ្លួនឯងល្អជាងមកគិត ពីក្រុមគ្រួសាររបស់ខ្ញុំ»៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: