ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរកសិកម្ម និងអាជ្ញាធរស្រុកស្ទោង ចុះពិនិត្យស្រែប្រាំងប្រជាកសិករ៨០ហិចតា ដែលរងការខ្វះខាតទឹក

    BY Khmernote Media February 2, 2024
    មន្ទីរកសិកម្ម និងអាជ្ញាធរស្រុកស្ទោង ចុះពិនិត្យស្រែប្រាំងប្រជាកសិករ៨០ហិចតា ដែលរងការខ្វះខាតទឹក

    ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០១ ខែ កុម្ភៈ ឆ្នាំ២០២៤ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងមន្ត្រីជំនាញ បានអញ្ចើញចុះពិនិត្យមើលស្រែប្រាំងរបស់ប្រជាពលរដ្ឋចំនួន៨០ហិកតា នៅឃុំសំព្រោជ ដែលកំពុងខ្វះខាតទឹកស្រោចស្រពស្រូវដែលបណ្តាលមកពីកសិករគ្រប់គ្រង និងប្រើប្រាស់ទឹកពុំទាន់បានត្រឹមត្រូវ។

    ជាមួយស្ថានភាពនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ដឹកនាំកម្លាំងជំនាញបញ្ជូនទឹកពីអាង៣០កញ្ញា ទៅសង្គ្រោះស្រែប្រាំងបងប្អូនកសិករ ដែលនឹងទៅដល់ស្រែនៅថ្ងៃស្អែកនេះ បងប្អូនកសិករត្រូវតែមានអាងស្តុកទឹកផ្ទាល់ខ្លួន សម្រាប់ផ្គត់ផ្គង់ស្រោចស្រពដីស្រែ និងគ្រប់គ្រង ប្រើប្រាស់ឲ្យបានត្រឹមត្រូវ សន្សំសំចៃបំផុត ហើយលោកបានអំពាវនាវដល់ម្ចាស់អាងមួយចំនួនសូមកុំបន្តរំលាយអាងទឹករបស់ខ្លួនយកដីមកធ្វើស្រែ ដែលជាហេតុននាំឱ្យបាត់បង់ប្រភពទឹក ខ្វះទឹកប្រើប្រាស់ទាំងអស់គ្នា។

    ទន្ទឹមនឹងនេះលោក ប៉ែន វណ្ណរិទ្ធ បានលើកឡើងថាអាជ្ញាធរពាក់ព័ន្ធ លោកមេឃុំ ប៉ុស្តិ៍នគរបាល ប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ ត្រូវសហការគ្នាក្នុងការគ្រប់គ្រង និងនាំទឹកឱ្យបានឆាប់ដល់ស្រែកសិករ ព្រោះស្រូវត្រូវការសង្គ្រោះបន្ទាន់ ហើយផ្លូវទឹកវែងឆ្ងាយ ប្រើរយៈពេលយូរបន្តិចដើម្បីបានទឹកមកស្រោចស្របនៅស្រែប្រាំងរបស់ខ្លួន។

    ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ក៏បានថ្លែងអំណរគុណដល់លោកអភិបាលស្រុកស្ទោងព្រមទាំងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលផ្ដល់ឱកាសនិងជួយពន្លឿនការផ្ដល់ទឹកដល់បងប្អូនប្រជាកសិករ ដែលត្រូវការទឹក ដើម្បីស្រោចស្របស្រូវរបស់ខ្លួនដែលមានការរងការខូចខាតនៅការខ្វះទឹកនាពេលនេះ។

    គួរបញ្ជាក់ផងដែរថា ស្រូវដែលត្រូវសង្គ្រោះមានចំនួន៨០ហិកតា មានកសិករ៧០គ្រួសារ នៅចំណុចភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay