អន្តរជាតិ

អតីតភ្នាក់ងារ​ CIA ម្នាក់ត្រូវតុលាការអាមេរិកកាត់ទោសឲ្យជាប់ពន្ធនាគារ ៤០ឆ្នាំពីបទធ្វើឲ្យបែកធ្លាយការសម្ងាត់ជាតិ

BY
Pheakdey
February 2, 2024

អាមេរិក៖ អតីតភ្នាក់ងារ​ CIA ម្នាក់ត្រូវតុលាការអាមេរិកកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៤០ឆ្នាំពីបទធ្វើឲ្យបែកធ្លាយការសម្ងាត់របស់ជាតិ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃសុក្រ ទី២ ខែកុម្ភៈនេះ។ អតីតភ្នាក់ងារ CIA រូបនេះមានឈ្មោះថា Joshua Schulte បច្ចុប្បន្នមានអាយុ ៣៥ឆ្នាំ ខណៈរឿងរ៉ាវចម្រូងចម្រាស់របស់គាត់នោះបានកើតឡើងតាំងតែពីឆ្នាំ២០១៧ម្លេះ។

ប្រភពខាងលើបានបន្តថា នាពេលកន្លងមកលោក Joshua Schulte បានធ្វើឲ្យបែកធ្លាយ​មុខងារ “Vault 7” របស់ទីភ្នាក់ងារ CIA ហើយការបែកធ្លាយនេះបានអនុញ្ញាតឲ្យគេអាចចូលទៅលួចយកទិន្នន័យសំខាន់ៗរបស់ CIA ចំនួន ៨,៧៦១ឯកសារយ៉ាងងាយស្រួលបំផុត ពោលគឺគ្រាន់តែប្រើប្រាស់ទូរស័ព្ទដៃធម្មតាប៉ុណ្ណោះ។ បើតាមតុលាការអាមេរិកបានបញ្ជាក់ថា ការធ្វើឲ្យបែកធ្លាយឯកសារសម្ងាត់រហូតដល់ ៨,៧៦១ឯកសារនេះគឺជាការបែកធ្លាយការសម្ងាត់ដ៏ធំបំផុតមិនធ្លាប់មាននោះទេក្នុងប្រវត្តិការងាររបស់ទីភ្នាក់ងារ CIA។ សូមបញ្ជាក់ជូនថា CIA មានឈ្មោះពេញថា The Central Intelligence Agency គឺជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់រដ្ឋាភិបាលអាមេរិក ដែលមានភារកិច្ចប្រមូលព័ត៌មាន ដាក់ឲ្យដំណើរការ និងវិភាគព័ត៌មានសន្តិសុខជាតិជុំវិញពិភពលោកតាមរយៈការធ្វើសកម្មភាពយ៉ាងសម្ងាត់បំផុត៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ BBC

Share This Post: