អន្តរជាតិ

ថៃណែនាំឲ្យសាលារៀននៅទូទាំងប្រទេសកាត់បន្ថយសកម្មភាពនៅខាងក្រៅរបស់កូនសិស្ស ដើម្បីការពារសុខភាពពួកគេពីបញ្ហាខ្យល់កខ្វក់កម្រិតPM2.5

BY
Pheakdey
February 3, 2024

ថៃ៖ អាជ្ញាធរថៃបានណែនាំសាលារៀននៅទូទាំងប្រទេសត្រូវកាត់បន្ថយការធ្វើសកម្មភាពនៅខាងក្រៅរ​បស់ក្រុមសិស្សានុសិស្សដើម្បីការពារពួកគេពីបញ្ហាខ្យល់កខ្វក់កម្រិតPM2.5 នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈនេះ។ គិតត្រឹមពេលនេះបញ្ហាខ្យល់កខ្វក់កម្រិតPM2.5 កំពុងតែវាយប្រហារខេត្តក្រុងចំនួន ៣០របស់ថៃ ខណៈនៅក្នុងនោះក៏មានទាំងទីក្រុងបាងកកផងដែរ។

បើតាមនាយកដ្ឋានត្រួតពិនិត្យការបំពុលបរិយាកាសថៃបានបញ្ជាក់ថា កាលពីម្សិលមិញនេះកម្រិតខ្យល់កខ្វក់នៅតំបន់ភាគខាងជើងនិងភាគកណ្តាលប្រទេសបានកើនឡើងរហូតដល់ ៣៧.៥ មីក្រូក្រាមក្នុងមួយម៉ែត្រគូប ដែលជាកម្រិតមួយអាចបង្កឲ្យមានគ្រោះថ្នាក់ផ្សេងៗដល់សុខភាពប្រជាពលរដ្ឋ ប្រសិនបើពួកគេមិនបានការពារខ្លួននោះទេ។ បើតាមអាជ្ញាធរសុខាភិបាលថៃបានបញ្ជាក់ថា បញ្ហាសុខភាពផ្សេងៗដែលអាចបង្កឡើងដោយខ្យល់កខ្វក់កម្រិតPM2.5នោះគឺមានដូចជា បញ្ហាផ្លូវដង្ហើម សួត រលាកភ្នែក និងរលាកច្រមុះជាដើម ខណៈពលរដ្ឋងាយរងគ្រោះនោះគឺក្រុមពលរដ្ឋវ័យក្មេង និងវ័យចំណាស់៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: