ព័ត៌មានជាតិ

បុរសម្នាក់ ដែលទិញ-លក់គណនីធនាគារយកទៅឱ្យបក្សពួក ឆបោកពីជនរងគ្រោះ ត្រូវបានចៅក្រមឃុំខ្លួនដាក់នៅមណ្ឌលអប់រំកែប្រែ «ម១ ព្រៃស»

BY
Khmernote Media
February 5, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពី ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ប្រធាននាយកដ្ឋាន បានសហការជាមួយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ បង្ក្រាបលើបទល្មើសឆបោកប្រាក់ក្រោមរូបភាពវិនិយោគ ដែលផ្តល់ផលចំណេញច្រើនត្រលប់មកវិញ ដោយប្រើប្រាស់បណ្តាញសង្គម Telegram ធ្វើជាមធ្យោបាយ និងបង្ហូរប្រាក់តាមរយៈគណនីធនាគារនៅកម្ពុជា។​

ការបង្ក្រាបនេះ បានចាប់ខ្លួនបានជនសង្ស័យឈ្មោះ ត.ម.រ ភេទប្រុស ជាសហចារីធ្វើការទិញ-លក់ គណនីធនាគារ យកទៅឱ្យបក្សពួក ប្រព្រឹត្តបទល្មើសឆបោកពីជនរងគ្រោះជាច្រើននាក់ ហើយករណីនេះគឺនៅមានជនសង្ស័យមួយ ចំនួនទៀតដែលសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនផងដែរ។

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ជនសង្ស័យត្រូវបាននាយកដ្ឋានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ បច្ចុប្បន្នត្រូវបានចៅក្រមឃុំខ្លួនពីបទសមគំនិតក្នុងអំពើឆបោកមានស្ថានទម្ងន់ទោស ដាក់នៅមណ្ឌលអប់រំកែប្រែ ម១ ព្រៃស។

នាយកដ្ឋានសូមក្រើនរម្លឹកដល់ជនទូទៅ កុំឱ្យចូលរួមសកម្មភាពប្រមូលទិញ-លក់ គណនីធនាគារ យកទៅឱ្យតតិយជន ដែលអំពើនេះគឺជាបទល្មើសធ្វើឱ្យសាមីខ្លួនត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ៕

ប្រភព៖​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

Share This Post: