ចង្វាក់នៃការលក់កាហ្វេក្នុងស្រុកម៉ាឡេស៊ីកំពុងមានសន្ទុះយ៉ាងខ្លាំង ក្រោយពលរដ្ឋនាំគ្នាធ្វើពហិការឈប់ទិញផលិតផលអាមេរិក
- BY
- Pheakdey
- February 5, 2024
ម៉ាឡេស៊ី៖ ចង្វាក់នៃការលក់កាហ្វេក្នុងស្រុករបស់ប្រទេសម៉ាឡេស៊ីកំពុងមានសន្ទុះកើនឡើងយ៉ាងខ្លាំង ក្រោយពលរដ្ឋម៉ាឡេស៊ីជាច្រើននាក់បាននាំគ្នាធ្វើពហិការឈប់ទិញផលិតផលរបស់អាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time ។ គួររម្លឹកជូនថា ការនាំគ្នាធ្វើពហិការឈប់ទិញផលិតផលអាមេរិកពីសំណាក់ពលរដ្ឋម៉ាឡេស៊ីដែលជាអ្នកកាន់សាសនាឥស្លាមនោះគឺត្រូវបានធ្វើឡើងក្រោមហេតុផលថា ពួកគេមិនពេញចិត្តនឹងអាមេរិកដែលជួយគាំទ្រអ៊ីស្រាអែលឲ្យធ្វើសង្គ្រាមនៅតំបន់ហ្គាហ្សា ខណៈការប្រយុទ្ធគ្នានោះបានបណ្តាលឲ្យពលរដ្ឋឥស្លាមនៅក្នុងរដ្ឋប៉ាឡេស្ទីនជាច្រើននាក់បានស្លាប់ រងរបួស និងត្រូវជម្លៀសខ្លួនជាដើម។

បើតាមពលរដ្ឋមាឡេស៊ីម្នាក់គឺលោក Diana អាយុ ៥០ឆ្នាំបានប្រាប់ឲ្យដឹងថា នាពេលកន្លងមករូបលោកនិងសមាជិកក្រុមគ្រួសារមួយចំនួនទៀតតែងទិញកាហ្វេ Starbucks ដែលជាម៉ាកយីហោកាហ្វេដ៏ល្បីរបស់អាមេរិកសម្រាប់ពិសារជារៀងរាល់ថ្ងៃ តែនៅក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះ រូបគាត់និងក្រុមគ្រួសារបានងាកទៅទិញកាហ្វេ Gigi ឬ ZUS ដែលម៉ាកយីហោកាហ្វេផលិតនៅក្នុងប្រទេសម៉ាឡេស៊ីវិញម្តង។ ប្រភពខាងលើបានបន្តថា ម៉ាកយីហោកាហ្វេក្នុងស្រុករបស់ម៉ាឡេស៊ីដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅពេលនេះមានដូចជា ZUS Coffee, Eight Ounce Coffee, Gigi Coffee, Richiamo Coffee, Bask Bear Coffee និង Mukarami Coffee ជាដើម។ សូមបញ្ជាក់ជូនថា ក្រៅតែពីកាហ្វេក៏នៅមានហាងលក់អាហារល្បីៗរបស់អាមេរិកមួយចំនួនទៀតកំពុងតែធ្លាក់ប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ ដូចជា KFC, McDonald’s, Domino’s, Burger King និង Nestle៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






