មនុស្ស ១១២នាក់បានបាត់បង់ជីវិតនិងជាច្រើនរយនាក់កំពុងបាត់ខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃដ៏អាក្រក់មួយនៅប្រទេសឈីលី
- BY
- Pheakdey
- February 5, 2024
ឈីលី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១១២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅក្នុងប្រទេសឈីលី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅរសៀលថ្ងៃចន្ទ ទី៥ ខែកុម្ភៈនេះ។ គួររម្លឹកថា ភ្លើងបានចាប់ផ្តើមឆេះនៅក្នុងតំបន់ Vina del Mar របស់ប្រទេសឈីលីតាំងតែពីថ្ងៃសុក្រសប្តាហ៍មុនម្លេះ ហើយរហូតមកទល់នឹងពេលនេះអាជ្ញាធរឈីលីហាក់នៅមិនទាន់ពន្លត់ភ្លើងបានតែស្រុងនៅឡើយទេ។

បើតាមលោក Gabriel Boric ប្រធានាធិបតីនៃប្រទេសឈីលីបានបញ្ជាក់ថា តួលេខអ្នកស្លាប់បាត់បង់ជីវិតខាងលើនេះអាចបន្តកើនឡើងផងដែរ ដ្បិតគិតត្រឹមពេលនេះនៅមានពលរដ្ឋឈីលីជាច្រើនរយនាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន ខណៈក្រុមអ្នកជំនាញបានសន្និដ្ឋានថាពួកគេទំនងជាបានស្លាប់នៅក្នុងភ្នក់ភ្លើងអស់ទៅហើយ គ្រាន់តែអាជ្ញាធរនៅមិនទាន់អាចរកសាកសពរបស់ពួកគេឃើញ។ ប្រភពខាងលើបានបន្តថា ហេតុការណ៍ភ្លើងឆេះព្រៃនៅពេលនេះគឺជាគ្រោះធម្មជាតិដែលបង្កឲ្យមានគ្រោះថ្នាក់ខ្លាំងបំផុតមួយនៅក្នុងប្រទេសឈីលីក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ បើគិតចាប់តាំងពីឈីលីបានរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដីនៅក្នុងឆ្នាំ២០១០មក៕

អត្ថបទ៖ ភក្តី
ប្រភព៖ South China Morning Post
- Share This Post:






