អន្តរជាតិ

ជប៉ុនលុបចោលជើងហោះហើរជាច្រើនយ៉ាងបន្ទាន់ដើម្បីការពារសុវត្ថិភាពអ្នកដំណើរពីព្យុះព្រិលទឹកកក

BY
Pheakdey
February 5, 2024

ជប៉ុន៖ អាជ្ញាធរអាកាសចរណ៍ជប៉ុនបានសម្រេចលុបចោលជើងហើរមួយចំនួនជាបន្ទាន់ដើម្បីឆ្លើយតបទៅនឹងបញ្ហាព្យុះព្រិលទឹកកកដ៏គ្រោះថ្នាក់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅរសៀលថ្ងៃចន្ទ​​ ទី៥ ខែកុម្ភៈនេះ។ ទីតាំងដែលកំពុងទទួលរងនូវសម្ពាធនៃព្យុះព្រិលទឹកកកដ៏ធ្ងន់ធ្ងរនៅពេលនេះគឺមានដូចជាទីក្រុង​តូក្យូ ទីក្រុងហ៊ីរ៉ូស្ហ៊ីម៉ា តំបន់កាន់តូ អាណាខេត្តអាគីតា និងទីក្រុងសំខាន់ៗមួយចំនួនទៀតផងដែរ។

តាមការព្យាករណ៍របស់អាជ្ញាធរជប៉ុនបានបង្ហាញថា ទីតាំងសំខាន់ៗខាងលើនេះអាចទទួលរងឥទ្ធិពលនៃព្យុះព្រិលទឹកកកចាប់ពីថ្ងៃទី៥ ខែកុម្ភៈនេះរហូតដល់ថ្ងៃទី៦ ខែកុម្ភៈ ខណៈតំបន់កាន់តូ ដែលកំពុងមានពលរដ្ឋជាង ៤៤លាននាក់រស់នៅអាចទទួលរងប៉ះពាល់ខ្លាំងជាងគេ។ នៅចំពោះមុខស្ថានភាពបន្ទាន់នេះ ក្រុមហ៊ុនអាកាសចរណ៍ ANA Holdings បានសម្រេចលុបចោលជើងហោះហើរទាំងក្នុងស្រុងនិងអន្តរជាតិសរុបចំនួន ៣៤ជើង ដែលបានបង្កផលប៉ះពាល់ដល់អ្នកដំណើរចំនួន ៤,១៧០នាក់ ខណៈក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានសម្រេចលុបចោលជើងហោះក្នុងស្រុកចំនួន ៥៤ជើង ដែលបានបង្កផលប៉ះពាល់ដល់អ្នកដំណើរចំនួន ៦,១៦០នាក់ និងជើងហោះហើរអន្តរជាតិដែលត្រូវធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងមួយជើង ដែលបានបង្កឲ្យមានផលប៉ះពាល់ដល់អ្នកដំណើរចំនួន ២០០នាក់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: