គួរឱ្យសោកស្ដាយយ៉ាងខ្លាំង! ស្លាប់ទាំងម្តាយ និងកូន ដោយសារសម្រាលកូនមើលតាមវីដេអូ YouTube Tutorial
បើយោងតាម Hindustan Times បានឱ្យដឹងថា ស្រ្តីវ័យ ២៦ឆ្នាំ និងមានផ្ទៃពោះម្នាក់ បានស្លាប់កំឡុងពេលគាត់ប៉ុនប៉ងសម្រាលកូនដោយខ្លួនឯងតាមរយៈការមើលវីដេអូ YouTube អំពីរបៀបបង្កើតកូន។ មន្ត្រីប៉ូលិសលោក Ravi Rai បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងទីក្រុង Gorakhpur ប្រទេសឥណ្ឌា។ មូលហេតុដែលស្ត្រីរូបនេះរៀនពីរបៀបបង្កើតកូនតាមវីដេអូ (YouTube Tutorial) ដោយសារគាត់ខ្លាចទទួលបានការមាក់ងាយពីសង្គម ព្រោះគាត់មានកូនដោយមិនរៀបការ។

ហេតុការណ៍នេះត្រូវបានរកឃើញដំបូងដោយអ្នកជិតខាងរបស់ស្ត្រីដែលស្លាប់នេះ ដោយគាត់បានឃើញមានឈាមហូរចេញពីបន្ទប់របស់នាង ហើយក្រោយមកគាត់ក៏ប្រញាប់រត់ទៅប្រាប់ម្ចាស់ផ្ទះភ្លាម។ ម្ចាសផ្ទះក៏បានធាក់ទ្វារបន្ទប់នារីរគ្រោះ ប៉ុន្តែគួរឱ្យសោកស្តាយនាង និងកូនប្រុស បានស្លាប់ទាំង ២នាក់ ដោយបន្សល់ទុកតែសម្ភារដូចជា៖ កាំបិត កន្ដ្រៃ និងទូរស័ព្ទ ១គ្រឿង ដែលក្រោយមកគេបានរកឃើញថា នាងបានមើលវីដេអូ Tutorial ក្នុង YouTube។
ជាការពិតមុន ៤ថ្ងៃ នៃឧបទ្ទវហេតុនេះ ស្ត្រីរងគ្រោះបានប្រាប់ទៅម្ចាស់ផ្ទះថា ម្តាយរបស់នាងនឹងមកលេងឆាបៗ ដើម្បីរង់ចាំថ្ងៃសម្រាលកូនរបស់នាង ប៉ុន្តែជាអកុសល ពួកគេទាំងម្តាយកូនមិនអាចឆ្លងផុតគ្រោះថ្នាក់បាន។ Independent UK ក៏បានឱ្យដឹងដែរថា ស្ត្រីនៅក្នុងប្រទេសឥណ្ឌានឹងទទួលបានការមើលងាយពីសង្គម ប្រសិនបើពួកគេមានកូនដោយមិនរៀបការ ដូច្នេះហើយទើបធ្វើឱ្យពួកគេពិបាកនឹងនិយាយចេញមក ដោយសារភាពអៀនខ្មាសនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ worldofbuzz