ទិវារត់ប្រណាំងស្ត្រីចម្ងាយ ១០គីឡូម៉ែត្រសម្រាប់ថ្ងៃទី៨ ខែមីនាខាងមុខនេះ មានអ្នកចុះឈ្មោះ ២០៤០នាក់
- February 7, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីទិវារត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ កាលពីល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការរបស់ខ្លួនដើម្បីលើកកម្ពស់បន្ថែមដល់ការចូលរួមរបស់ស្ត្រី ក្នុងកីឡា ដើម្បីសុខមាលភាពនៃជីវិតរបស់ពួកគាត់ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC) បានគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំ យើងតែងតែរៀបចំទិវារត់ប្រណាំងលើកកម្ពស់ដល់ការចូលរួមរបស់ស្ត្រីក្នុងវិស័យកីឡា។ NOCC បានគោរពគោលការណ៍របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិឱ្យជួយក្នុងការរៀបចំទិវាស្ត្រី និងកីឡានេះឱ្យបានច្រើនជាពិសេសគឺការជំរុញឱ្យស្ត្រីចូលរួមក្នុងការដឹកនាំ និងចូលរួមក្នុងសកម្មភាពកីឡាពី ២០ ទៅ ៤០% ក្នុងអំឡុងឆ្នាំ២០២៤ដល់ឆ្នាំ២០២៨។ ដូច្នេះគោលការណ៍របស់អូឡាំពិកអន្តរជាតិ ស្របគ្នានឹងការរៀបចំទិវារត់ប្រណាំងស្ត្រីនេះដែរ ជារៀងរាល់ឆ្នាំ ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសាលារាជធានីភ្នំពេញ សម្រាប់ការផ្តល់ទីតាំងរៀបចំ និងជួយរៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាពដល់ការរត់ប្រណាំងនេះ។
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង សុណ្ណភូមិ ឡាយហ្វ៍ ដែលបានចាប់ដៃគូគ្នា រយៈពេល៣ឆ្នាំមកហើយៗត្រូវបានចាត់ទុកថាជាដៃគូល្អ ដោយសហការរៀបចំទទួលបានជោគជ័យជាបន្តបន្ទាប់ចំនួន២ឆ្នាំរួចហើយ ខណៈការចូលរួមគាំទ្រក៏បានច្រើនផងដែរ។ «ទិវារត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រនេះទទួលបានការចូលរួមគាំទ្រពីបងប្អូនប្រជាពលរដ្ឋ ដែលបង្ហាញពីការយកចិត្តទុកដាក់លើបញ្ហាសុខភាពសាធារណៈ និងសុខភាពផ្ទាល់ខ្លួនរបស់ពួកគាត់។ ការខិតខំប្រឹងប្រែងរៀបចំទិវារត់ប្រណាំងនេះ គឺគ្មានអ្វីក្រៅពីជួយដល់សង្គមជាតិរបស់យើង និងជួយឱ្យមានគុណភាពជីវិតកាន់តែប្រសើរឡើងបន្ថែមទៀត។ សកម្មភាពកីឡា ជាពិសេសគឺការរត់ប្រណាំងនេះជួយដល់សមត្ថភាព គុណភាពបេះដូងកាន់តែល្អ ដោយអ្នកចូលរួមរត់ប្រណាំងនេះនឹងទទួលបានអត្ថប្រយោជន៍សម្រាប់ជីវិតរបស់ពួកគាត់កាន់តែល្អ»។
«ដូច្នេះ នៅក្នុងទិវារត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤នេះនឹងជួយជំរុញបន្ថែមដល់ការលើកកម្ពស់ការចូលរួមរបស់ស្ត្រី ឱ្យឈរលើស្មារតីភាពស្មើគ្នា សិទ្ធិសេរីភាព នៅក្នុងសង្គមជាតិ។ យើងសង្ឃឹមថា សារទាំងអស់នេះ ដែលយើងកំពុងផ្សព្វផ្សាយនេះនឹងជះឥទ្ធិពលជាវិជ្ជមានដល់ស្ត្រីទាំងអស់ឱ្យមានជំហររឹងមាំមានការជឿជាក់លើខ្លួនឯង និងចូលរួមការងារ ក្នុងសង្គមជាតិកាន់តែខ្លាំងក្លាបន្ថែមទៀត។ ទិវារត់ប្រណាំងស្ត្រី ថ្ងៃទី០៨ ខែមីនា គឺជាសាររម្លឹកជារៀងរាល់ឆ្នាំ ដើម្បីឱ្យស្មារតីរបស់ស្ត្រីថាមានសិទ្ធិសេរីភាពពេញលេញដូចៗគ្នានឹងបុរសដែរ»។ ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែម។
ជាមួយគ្នានេះ លោក សែម ផល្លា នាយកចាត់ការទូទៅទិវារត់ប្រណាំងនៅកម្ពុជាគូសបញ្ជាក់ថា ទិវារត់ប្រណាំងស្ត្រី ចម្ងាយ១០គីឡូម៉ែត្រកំពុងបន្តបើកទទួលការចុះឈ្មោះរហូតដល់ការរត់ប្រណាំងនេះធ្វើឡើងនាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ទីតាំងនៅមុខវត្តបទុមវតី ចាប់ពីម៉ោង ៥:៥០នាទីព្រឹកតទៅ។ ពេលនេះការចុះឈ្មោះមានចំនួន ២ ០៤០នាក់ហើយ ហើយគោលដៅក្នុងឆ្នាំនេះគឺចំនួន ២,៥០០នាក់។ ក្រៅពី២០៤០ នាក់បានចុះឈ្មោះរួចរាល់ ក៏នៅមាន ១០០នាក់ទៀតផងដែរ ដែលនឹងត្រៀមខ្លួនចុះឈ្មោះបន្ទាប់ៗ។ លោក សែម ផល្លា ក៏បានអំពាវនាវដល់មហាជនចូលរួមគាំទ្រដល់ព្រឹត្តិការណ៍រត់ប្រណាំងនេះឱ្យបានច្រើនកុះករ ដើម្បីស្វែងរកមូលនិធីជួយដល់សប្បុរសធម៌៕



ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






