អន្តរជាតិ

មនុស្ស ៨នាក់បានបាត់បង់ជីវិត និង ៨០នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍ផ្ទុះរោងចក្រផលិតកាំជ្រួចដ៏ធំមួយនៅឥណ្ឌា

BY
Pheakdey
February 7, 2024

ឥណ្ឌា៖ យ៉ាង​ហោចណាស់មានមនុស្សចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះរោងចក្រផលិតកាំជ្រួចដ៏ធំមួយនៅក្នុងប្រទេសឥណ្ឌា​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗនៅនឹងកន្លែងហើយ នៅមានមនុស្សចំនួន ៨០នាក់ផ្សេងទៀតបានរងរបួស និងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់។

ប្រភពខាងលើបានបន្តថា ចំនួនអ្នកស្លាប់អាចបន្តកើនឡើងផងដែរ ដ្បិតជនរងគ្រោះមួយចំនួនដែលកំពុងព្យាបាលនៅមន្ទីរពេទ្យនោះគឺមានស្ថានភាពធ្ងន់ធ្ងរបំផុត ពោលគឺស្ថិតនៅក្នុងកម្រិតដែលលើសពីសមត្ថភាពជួយសង្គ្រោះរបស់ក្រុមវេជ្ជបណ្ឌិត។ បើតាមអាជ្ញាធរឥណ្ឌាបានឲ្យដឹងថា​ នៅក្នុងពេលមានហេតុការណ៍ផ្ទុះនោះគឺមានមនុស្សចន្លោះពី ២០០-៣០០នាក់កំពុងធ្វើការងារនៅក្នុងរោងចក្រនោះ​ ហើយក្រោយមានហេតុការណ៍ផ្ទុះអណ្តាតភ្លើងក៏បានបន្តឆេះរាលដល់អគារចំនួន ១០ខ្នងផ្សេងទៀតផងដែរ ខណៈអាជ្ញាធរបានបញ្ជូនរថយន្តសង្គ្រោះបន្ទាន់ចំនួន ២០គ្រឿង និងក្រុមអ្នកជួយសង្គ្រោះចំនួន ៥០នាក់ទៅធ្វើអន្តរាគមន៍ជួយជនរងគ្រោះក្នុងហេតុការណ៍អកុសលខាងលើនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: