ជើងមាន់បង្កកខូចគុណភាពប្រមាណជាង ១០២តោន ត្រូវបានសមត្ថកិច្ចជំនាញខេត្តស្វាយរៀង ធ្វើការដុតកម្ទេចចោល
- February 7, 2024
ខេត្តស្វាយរៀង៖ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា ជើងមាន់បង្កកប្រមាណជាង ១០២តោន ត្រូវបានសមត្ថកិច្ចជំនាញធ្វើការដុតកម្ទេចចោលភ្លាមៗ ក្រោយរកឃើញថាពុំមានអនុលោមភាពតាមបទប្បញ្ញត្តិបច្ចេកទេស។

នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» និងយោងចំណារឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងមានការឯកភាពពីឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងផងនោះ មន្រ្តីជំនាញ សាខា ក.ប.ប. ខេត្តស្វាយរៀង សហការល្អពីកងរាជអាវុធហត្ថខេត្តផងដែរ បានធ្វើការកម្ទេចចោលនូវជើងមាន់បង្កកចំនួន ១០២,៦០០ គីឡូក្រាម។
ជើងមាន់បង្កកទាំងអស់នោះ ត្រូវបានសមត្ថកិច្ចជំនាញឃាត់ចាប់បានលើរថយន្តដឹក កុងទឺនឺ (Container) ចំនួន ៤គ្រឿង សំដៅឆ្ពោះទៅស្រុករមាសហែកក្នុងគោលបំណងធ្វើការចែកចាយបន្ត។ សូមបញ្ជាក់ថាជើងមាន់បង្កកទាំងអស់ខាងលើត្រូវបានមន្រ្តីជំនាញ រកឃើញថាពុំមានច្បាប់អនុញ្ញាត ពុំមានឯកសារបញ្ជាក់ពីគុណភាព ពិសេសគឺពុំមានអនាម័យ និងផ្ទុកនូវសីតុណ្ហភាពពុំត្រឹមត្រូវតាមស្ដង់ដារ ដែលបណ្ដាលឱ្យខូចគុណភាពប៉ះពាល់សុខភាពអ្នកបរិភោគយ៉ាងធ្ងន់ធ្ងរ ៕









ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF
- Share This Post:






