ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បញ្ជាក់ថា មន្ត្រីជាប់កិច្ចសន្យាគ្មានសិទ្ធផាកពិន័យ ហៅ ឬស្ទាក់ឡានរបស់ពលរដ្ឋទេ
- February 7, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានមានប្រសាសន៍ថា មន្ត្រីជាប់កិច្ចសន្យាគ្មានសិទ្ធផាកពិន័យ ហៅ ឬស្ទាក់ ឡានរបស់ពលរដ្ឋទេ គាត់មានសិទ្ធិត្រឹមជួយសម្របសម្រួលចរាចរណ៍ និងជួយមន្ត្រីនគរបាលអនុវត្តតួនាទីប៉ុណ្ណោះ។

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៣ និងលើកទិសដៅបន្ដ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានមានប្រសាសន៍ថា៖ « ពិនិត្យឡើងវិញតួនាទីភារកិច្ចរបស់មន្ត្រីជាប់កិច្ចសន្យា ហើយមានការណែនាំរួមមួយដោយឡែក កុំឱ្យមានការយល់ច្រឡំ ឥឡូវរាជធានីភ្នំពេញ ក៏បានបំពាក់ឯកសណ្ឋានមន្ត្រីជាប់កិច្ចសន្យានេះ ពណ៌ខុសៗគ្នា ខុសពីពណ៌ប៉ូលិសរបស់យើងធម្មតា។ អ៊ឹចឹង ជារួមគាត់មិនមែនជាប៉ូលិសយុត្តិធម៌ទេ គាត់ពុំមានសិទ្ធក្នុងការផាក ហៅ ឬស្ទាក់ឡានរបស់ពលរដ្ឋទេ ប៉ុន្តែគាត់មានសិទ្ធក្នុងការសម្របសម្រួលចរាចរណ៍ ឧទាហរណ៍ កន្លែងគោលដៅនឹង មានប៉ូលិសតែម្នាក់ គាត់ហៅឡានឱ្យឈប់ ដូចនេះមន្ត្រីជាប់កិច្ច គាត់អាចឈរនៅពីខាងមុខជួយសម្រួលបង្ខាំងឡានកុំឱ្យបើករត់ទៅកន្លែងណាផ្សេងទៀត ប៉ុន្តែគាត់ពុំមានសិទ្ធឱ្យបុគ្គលចុះពីលើឡាន ដើម្បីទៅជួប ឬទៅណាផ្សេងនោះទេ ដូច្នេះហើយសូមបញ្ជាក់កន្លែងនេះ ម្ដងហើយម្ដងទៀត មន្ត្រីជាប់កិច្ចសន្យា មិនមានសិទ្ធក្នុងការផាក ឬស្ទាក់ឡានទេ ពីមុនមានមែន ឥឡូវសូមកុំឱ្យមានទៀត ធ្វើម៉េចកុំឱ្យមានការយល់ច្រឡំពីមហាជន ក៏ដូចជាប្រជាពលរដ្ឋ» ៕



- Share This Post:






