រឿងសំខាន់ៗ ៧យ៉ាងដែលលោកអ្នកគួរធ្វើនៅក្នុងថ្ងៃចូលឆ្នាំប្រពៃណីចិន
- BY
- Pheakdey
- February 8, 2024
បុណ្យចូលឆ្នាំប្រពៃណីចិននឹងត្រូវចូលមកដល់នៅក្នុងថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈនេះហើយ ខណៈពលរដ្ឋចិននិងពលរដ្ឋដែលជាកូនកាត់ចិនរាប់លាននាក់នៅជុំវិញពិភពលោកបានត្រៀមខ្លួនអបអរពិធីបុណ្យប្រពៃណីជាតិមួយនេះតាំងតែពីដើមសប្តាហ៍នេះម្លេះ។ របៀបនៃការអបអររបស់ពលរដ្ឋកូនកាត់ដែលរស់នៅក្រៅប្រទេសចិនអាចមានលក្ខណៈខុសគ្នាបន្តិចបន្តួចអាស្រ័យទៅតាមទម្លាប់នៅក្នុងគ្រួសាររបស់ពួកគេ ខណៈបើយោងតាមទំនៀមទម្លាប់ប្រពៃណីរបស់ចិនបានណែនាំឲ្យពលរដ្ឋទាំងអស់គួរធ្វើនូវរឿងសំខាន់ៗចំនួន ៧ដូចខាងក្រោមនេះ៖
១-ចែកអាំងប៉ាវទៅកាន់ក្មេងៗ និងមនុស្សដែលមិនទាន់រៀបការ។ តាមប្រពៃណីរបស់ចិនគេជឿថា បុគ្គលដែលបានចែកអាំងប៉ាវទៅគេនោះ ទោះក្នុងអាំងប៉ាវមានប្រាក់បន្តិចបន្តួចក៏ដោយក៏ពួកគេនឹងត្រូវទទួលបានមកវិញនូវ “សំណាងល្អ” ឬ “លាភ” ជាដើម។

២-ញ៉ាំគាវឲ្យបានច្រើន។ លោកអ្នកគួរនៅជុំគ្រួសារនាំគ្នាញ៉ាំគាវឲ្យបានច្រើនមុនពេល ឬក្រោយពេលឆ្លងចូលឆ្នាំថ្មីមួយម៉ោង ដែលតាមជំនឿរបស់ពលរដ្ឋចិនគឺគេជឿថា ទម្លាប់មួយនេះនឹងជួយឲ្យពួកគេអាចរកប្រាក់ចំណូលបានច្រើន។

៣-ស្លៀកសំលៀកបំពាក់ពណ៌ក្រហម។ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនលោកអ្នកគួរស្លៀកពាក់សំលៀកបំពាក់ពណ៌ក្រហម ហើយបើអាចខោអាវក្នុងក៏គួរតែពណ៌ក្រហមដែរ ព្រោះពណ៌ក្រហមតំណាងឲ្យភាពរឹងមាំ សំណាងល្អ និងមានជោគវាសនាល្អ។

៤-ប្តូរផ្លែក្រូចគ្នាទៅវិញមក។ លោកអ្នកគួររៀបចំផ្លែក្រូចក្នុងចំនួនគូ អាចត្រឹមតែ២ផ្លែក៏បាន ដើម្បីយកទៅចែកជូនមិត្តភក្តិជិតស្និត ហើយមិត្តភក្តិដែលទទួលបានផ្លែក្រូចនោះហើយក៏គួរតែរៀបចំផ្លែក្រូចក្នុងចំនួនដូចគ្នាដើម្បីជូនលោកអ្នកវិញផងដែរ។ តាមជំនឿការជូនផ្លែក្រូចឲ្យគ្នាទៅវិញទៅមកនេះគឺជាសញ្ញានៃការបង្កើតឲ្យមានសុភមង្គល និងសំណាងល្អនៅក្នុងគ្រួសារ។

៥-តុបតែងផ្ទះឲ្យមានហុងស៊ុយ។ លោកអ្នកគួរយកចង្កៀងគោមបែបចិនពណ៌ក្រហមទៅព្យួរនៅមាត់ទ្វារ ដើម្បីបណ្តេញភាពឧបទ្រពចង្រៃក្នុងឆ្នាំចាស់ឲ្យចេញអស់ពីផ្ទះ និងទទួលយកមកវិញនូវសំណាងល្អក្នុងឆ្នាំថ្មី។

៦-គួរនៅជួបជុំគ្នាឲ្យបានយូរក្នុងថ្ងៃឆ្លងចូលឆ្នាំថ្មី។ មិនថាលោកអ្នកជាមនុស្សចាស់ឬក្មេងនោះទេ លោកអ្នកគួរនៅជួបជុំគ្នាជាមួយមិត្តភក្តិនិងក្រុមគ្រួសារឲ្យបានរហូតដល់ពាក់កណ្តាលយប់ ហើយចាំទៅគេងក្រោយពេលឆ្លងចូលថ្ងៃថ្មីរួច ដែលទម្លាប់នេះគឺមានន័យថា លោកអ្នកបានបើកទទួលស្វាគមន៍យករឿងល្អថ្មីៗឲ្យចូលមកក្នុងជីវិតរបស់លោកអ្នក។
៧-បើសិនជាអាចលោកអ្នកគួររៀបចំឲ្យមានការរាំម៉ុងសាយនៅផ្ទះរបស់លោកអ្នក ឬនៅកន្លែងធ្វើការងារ ដ្បិតតាមជំនឿដ៏យូរលុងណាស់មកហើយរបស់ចិនគឺគេជឿថារបាំប្រពៃណីចិនមួយនេះបានជួយនាំយកសំណាងល្អ និងលាភសំណាងមកកាន់គ្រួសារ ឬកន្លែងធ្វើការងាររបស់លោកអ្នក៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz
- Share This Post:






