ត្រណមទាំង ៧ ដែលលោកអ្នកមិនគួរធ្វើនៅក្នុងថ្ងៃចូលឆ្នាំចិន
- BY
- Pheakdey
- February 8, 2024
ពលរដ្ឋចិននិងពលរដ្ឋកូនកាត់ចិនរាប់លាននាក់នៅជុំវិញពិភពលោកកំពុងតែត្រៀមធ្វើការអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនយ៉ាងអន្ទះសា ដោយថ្ងៃឆ្លងចូលឆ្នាំថ្មីនឹងត្រូវធ្លាក់ចំថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ខណៈពិធីរៀបចំសែនចំណីអាហារនិងដង្វាយផ្សេងៗនឹងត្រូវចាប់ផ្តើមធ្វើឡើងនៅក្នុងថ្ងៃសុក្រនេះហើយ។ ទន្ទឹមនឹងការរៀបចំខ្លួនរបស់លោកអ្នកដើម្បីអបអរក្នុងពិធីបុណ្យដ៏ធំមួយនេះ អង្គភាពខ្មែរណូតសូមធ្វើការចែករំលែកនូវរឿងរ៉ាវមួយចំនួនដែលតាមទំនៀមទម្លាប់ប្រពៃណីចិនគឺគេនឹងចៀសវាងមិនធ្វើនៅក្នុងថ្ងៃចូលឆ្នាំប្រពៃណីចិនឡើយ ដោយត្រណមទាំងនោះរួមមាន៖
១-ហាមបោសសម្អាតផ្ទះ។ ការបោសសម្អាតផ្ទះនៅក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិនគឺស្មើនឹងការបោសសំណាង លាភ ឬហេងផ្សេងៗចេញពីផ្ទះដែរ នេះបើយោងតាមជំនឿរបស់ពលរដ្ឋចិនដែលមានតាំងពីយូរយារណាមកហើយ។

២-កុំប្រើប្រាស់វត្ថុមុតស្រួចដូចជាម្ជុល កាំបិតស្រួច ឬកន្ត្រៃជាដើម ។ តាមជំនឿរបស់ពលរដ្ឋចិន ការប្រើប្រាស់វត្ថុទាំងអស់នេះនៅក្នុងថ្ងៃចូលឆ្នាំប្រពៃណីចិននឹងធ្វើឲ្យលោកអ្នកដាច់លាភ ឬបាត់បង់នូវសំណាងណាមួយ។

៣-កុំស្លៀកពាក់សំលៀកបំពាក់ពណ៌ខ្មៅនិងស។ ពណ៌ខ្មៅនិងពណ៌សគឺជាពណ៌តំណាងឲ្យការកាន់ទុក្ខនិងភាពសោកសៅ ដូចនេះលោកអ្នកមិនគួរប្រើប្រាស់សំលៀកបំពាក់ពណ៌ទាំងនេះនៅក្នុងថ្ងៃដ៏រីករាយឡើយ ជំនួសមកវិញលោកអ្នកគួរប្រើប្រាស់សំលៀកបំពាក់ពណ៌ក្រហម។

៤-កុំញ៉ាំបបរ។ ពលរដ្ឋចិនជឿថា បបរគឺជាអាហារសម្រាប់អ្នកក្រីក្រ ដូចនេះការញ៉ាំអាហារប្រភេទនេះនៅក្នុងថ្ងៃចូលឆ្នាំអាចជាការនាំឲ្យលោកអ្នកត្រូវខាត់បង់លុយកាក់ ទ្រព្យសម្បត្តិ ឬបាត់បង់ប្រាក់ចំណូលជាដើម។

៥-កុំងូតទឹក កក់សក់ និងកាត់សក់។ ស្រដៀងគ្នាទៅនឹងចំណុចទី១ដែរគឺពលរដ្ឋចិនជឿថា សកម្មភាពទាំងអស់នេះអាចធ្វើឲ្យលោកអ្នកបាត់បង់នូវសំណាង លាភ និងហេងផ្សេងៗជាដើម។

៦-កុំឲ្យអំណោយជាសៀវភៅទៅកាន់អ្នកណាឲ្យសោះ។ ពាក្យសៀវភៅនៅក្នុងភាសាចិនកាតាំងគឺស្រដៀងគ្នាទៅនឹងពាក្យដែលមានន័យថា ចាញ់ ឬខាតបង់។

៧-កុំទៅខ្ជីលុយគេ ឬឲ្យលុយគេខ្ចី។ តាមជំនឿ ការឲ្យអ្នកណាម្នាក់ខ្ចីលុយគឺស្មើនឹងការបណ្តោយឲ្យលុយត្រូវហូរចេញពីខ្លួនរបស់លោកអ្នក ពោលគឺលោកអ្នកអាចប្រឈមនឹងការរកស៊ីខាត ឬបាត់បង់ប្រាក់ចំណូលដោយហេតុផលណាមួយ។ ផ្ទុយទៅវិញមុនថ្ងៃចូលឆ្នាំមកដល់ បើលោកអ្នកជំពាក់លុយគេគួរតែឆ្លៀតសងគេឲ្យហើយ ដើម្បីឲ្យឆ្នាំក្រោយលោកអ្នកមានជីវភាពល្អប្រសើរនិងអាចគេចផុតពីការខ្ជីបំណុលគេទៀត៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz
- Share This Post:






