មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកម្នាក់ ដែលប្រចាំការនៅគោលដៅអូរច្រឡង់ ត្រូវបានយកមកអប់រំ និងធ្វើកិច្ចសន្យា ក្រោយប្រើពាក្យសំដីមិនសមរម្យដាក់ប្រជាពលរដ្ឋ
- February 9, 2024
ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានចេញសេចក្ដី បំភ្លឺជូនសាធារណជន និងអ្នកប្រើប្រាស់បណ្តាញ សង្គមហ្វេសប៊ុកទាំងអស់មេត្តាជ្រាបថា ក្រោយពីទទួលបានព័ត៌មានអំពីការចុះផ្សាយតាមបណ្តាញសង្គម ដែលមានគណនីឈ្មោះ Pech Thana លើកឡើងថា៖

«ខ្ញុំជិះលើសល្បឿនមែន ផ្លូវជាតិចាប់ល្បឿន ៦០.៨៣ ល្បឿន ខ្ញុំទទួលស្គាល់ តែសុំកុំប្រើសំដីឈ្លើយទៅកាន់ប្រជាជន ហួសអូរច្រឡង់ស្ទឹងត្រែង ម៉េចក៏ខ្ញុំគេសួរមិនបាន ម៉េចសំដីឈ្លើយម៉្លេះ មើលងាយគេម្ល៉េះខ្ញុំជាមនុស្សដែរតើ សូមមេៗបូលិសចរាចរណ៍ ខាងខេត្តស្ទឹងត្រែង កាន់ខាងអូរច្រឡង់ សូមមានគុណធម៌ក្នុងខ្លួនផង និងសុជីវធម៌ អោយសមនិងឯកសណ្ឋាន មិនចង់និយាយទេ កាត់ពិន្ទុពាក់មីខ្ញុំចុះកាត់អោយអស់ម៉ងទៅ អរគុណ ។ »
ក្រោយពីបានឃើញការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Pech Thana លោក ឧត្តមសេនីយ៍ទោ ស្នងការ បានចាត់លោកស្នងការរងទទួលដឹកនាំការងារនគរបាលចរាចរណ៍ផ្លូវគោក អញ្ជើញ លោកអនុសេនីយ៍ត្រី សន សាយញ៉ាន់ អត្តលេខ ៧៣៧០៣ មន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរ បាលខេត្តស្ទឹងត្រែង ដែលប្រចាំការនៅគោលដៅអូរច្រឡង់ ដោយបានធ្វើការអប់រំ និងធ្វើកិច្ចសន្យា។
កន្លងមកនេះ លោក ឧត្តមសេនីយ៍ទោ ស្នងការ តែងតែអប់រំណែនាំ ផ្សព្វផ្សាយដល់កងកម្លាំងទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្ត ពិសេសមន្ត្រីនគរបាលចរារណ៍ផ្លូវគោក អំពីការគោរពវិន័យរបស់កងកម្លាំង ព្រមទាំង កាយវិការ និងការប្រើពាក្យសំដីជាមួយប្រជាពលរដ្ឋឱ្យបានទន់ភ្លន់ តែម៉ឺងម៉ាត់ ប្រកបដោយក្រមសីលធម៌ ប្រសិនបើមានមន្ត្រីណាប្រព្រឹត្តល្មើស គឺត្រូវអនុវត្តទៅតាមវិន័យកងកម្លាំងនគរបាលជាតិ។
ស្នងការដ្ឋាននគរបាលខេត្ត រង់ចាំទទួលស្វាគមន៍ជានិច្ចនូវរាល់ការចូលរួមកែលម្អក្នុងន័យស្ថាបនា ដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង – Police Commissariat Of Stung Treng
- Share This Post:






