ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    «នរសិង្ហ» មានដងខ្លួនមនុស្សនិងក្បាលតោ ជាអវតារទី៤ ក្នុងចំណោមអវតារទាំង១០របស់ព្រះនារាយណ៍

    BY Khmernote Media February 10, 2024
    «នរសិង្ហ» មានដងខ្លួនមនុស្សនិងក្បាលតោ ជាអវតារទី៤ ក្នុងចំណោមអវតារទាំង១០របស់ព្រះនារាយណ៍

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សារមន្ទីរជាតិកម្ពុជា បានឱ្យដឹងថា នរសិង្ហ ជាអវតារទី៤ ក្នុងចំណោមអវតារទាំង១០របស់ព្រះនារាយណ៍។ នរសិង្ហ មានដងខ្លួនមនុស្សនិងក្បាលតោ។

    នៅក្នុងរឿងទេវកថាមួយបានដំណាលថា៖ គ្រាមួយ មានយក្សឈ្មោះហិរិណ្យកសីពុ ពាក់អាវពណ៌មាស ទទួលពរពីព្រះព្រហ្ម ដោយមិនអាចស្លាប់ពេលថ្ងៃ ឬពេលយប់ និងមិនអាចសម្លាប់ដោយអាទិទេព ឬ មនុស្ស ឬសត្វឡើយ។ ដោយមានមហិទ្ធិរិទ្ធិខ្លាំងក្លាបែបនេះ ទើបហិរិណ្យកសីពុតែងតែធ្វើបាបអាទិទេព ព្រមទាំងគំរាមកំហែងដល់កូនរបស់ខ្លួនឈ្មោះថាព្រះលាទ ដែលជាបុគ្គលមួយរូបគោរពបូជាយ៉ាងជ្រាលជ្រៅទៅលើព្រះនារាយណ៍។

    ហិរិណ្យកសីពុ តែងរំខាន និងហាមប្រាមដល់ការគោរពបូជារបស់កូនខ្លួនចំពោះព្រះនារាយណ៍ និងប្រកាសចេញមុខផ្ទាល់ដើម្បីតតាំងប្រយុទ្ធជាមួយព្រះនារាយណ៍។ នៅរសៀលថ្ងៃមួយ ហិរិណ្យកសីពុ ពោលឡើងថា «ប្រសិនបើព្រះនារាយណ៍នៅគ្រប់ទិសទីមែនគួរតែចេញពីសសររបស់រាជវាំងភ្លាម» រួចក៏ទាត់សសរមួយជើង អំឡុងពេលដែលខ្លួនកំពុងតែពោលនោះ។ ស្រាប់តែព្រះនារាយណ៍បានលេចខ្លួនឡើងចេញពីសសរ ក្រោមរូបភាពមានខ្លួនជាមនុស្សក្បាលជាតោ អូសយក្សហិរិណ្យកសីពុទៅកាន់មាត់ទ្វារ និងហែកសម្លាប់ក្នុងពេលនោះទៅ។

    ពររបស់ព្រះព្រហ្មគ្មានប្រសិទ្ធភាពទៀតឡើយ ដ្បិតព្រះនារាយណ៍បែងភាគជានរសិង្ហ(ពាក់កណ្តាលមនុស្ស ពាក់កណ្តាលជាសត្វតោ) ដែលមិនមែនអាទិទេព ក៏មិនមែនសត្វ និងមិនមែនមនុស្ស។ សម្លាប់មិនមែនយប់មិនមែនថ្ងៃ គឺពេលព្រលប់ ហើយមិនមែននៅក្នុងផ្ទះ ឬ ក្រៅផ្ទះតែស្ថិតនៅក្លោងទ្វារ។
    ប្រតិមានរសិង្ហ ដែលជាសមុច្ច័យរបស់សារមន្ទីរជាតិកម្ពុជា កំពុងដាក់តាំងបង្ហាញនៅថែវសម័យអង្គរ (ស្ថិតនៅភាគខាងលិចនៃអគារសារមន្ទីរជាតិកម្ពុជា)។ ធ្វើពីថ្មភក់ពណ៌ផ្កាឈូកក្រហម (ប្រភេទនេះមិនសូវសម្បូរទេ ភាគច្រើនការប្រើប្រាស់ឃើញនៅលើចម្លាក់និងសំណង់ប្រាសាទបន្ទាយស្រីចុងស.វ.ទី១០)។

    ប្រតិមានរសិង្ហអង្គនេះ មានតួនាទីជាទ្វារបាល មានប្រភពដើមស្ថិតនៅក្លោងទ្វារតួប៉មកណ្តាលនៃប្រាសាទបន្ទាយស្រី ខេត្តសៀមរាប។ ស្ថិតក្នុងរចនាបទបន្ទាយស្រី នាចុងសតវត្សទី១០។ ប្រតិមានេះស្លៀកសំពត់ខ្លីលើជង្គង់លម្អដោយភ្លីឆ្នូតៗ អង្គុយលើជើងឆ្វេងដែលបត់មកក្រោយ បញ្ឈរជង្គង់ស្តាំ រីឯដៃឆ្វេងដាក់លើភ្លៅ ដៃស្តាំកាន់ដុំពេជ្រ(វជ្រ) ដែលជាតំណាងឲ្យរន្ទះ។ សក់វែងប្រះស្មា សក់រមូលដូចគូទខ្ចៅ ចិញ្ចើមកោង ភ្នែកធំត្រចៀកច្រមុះលម្អដោយក្បាច់សុទ្ធសឹងជាទីសម្គាល់ថាជារចនាបទបន្ទាយស្រី ៕

    ប្រភព៖ សារមន្ទីរជាតិកម្ពុជា / National Museum of Cambodia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay