អន្តរជាតិ

ថៃកំពុងពិចារណាអនុញ្ញាតឲ្យមានកាស៊ីណូស្របច្បាប់លើទឹកដីខ្លួនដោយយកលំនាំតាមបែបសិង្ហបុរី

BY
Pheakdey
February 12, 2024

ថៃ៖ ​ប្រទេសថៃកំពុងពិចារណាលើកគម្រោងអនុញ្ញាតឲ្យមានកាស៊ីណូបើកដំណើរការដោយស្របច្បាប់នៅលើទឹកដីខ្លួនដោយយកលំនាំតាមប្រទេសសិង្ហបុរី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ នៅក្នុងគម្រោងខាងលើនេះក៏មានទាំងការអនុញ្ញាតឲ្យមានការភ្នាល់ល្បែងមួយចំនួនតាមប្រព័ន្ធ Online ផងដែរ។

គួរកត់សម្គាល់ថា នៅតំបន់កំសាន្ត Marina Bay Sands របស់ប្រទេសសិង្ហបុរីគឺមានកាស៊ីណូមួយកន្លែងបើកដំណើរការដោយស្របច្បាប់​ តែកាស៊ីណូនោះអនុញ្ញាតឲ្យតែជនបរទេសចូលលេងប៉ុណ្ណោះ ខណៈការចូលទៅលេងពីសំណាក់ពលរដ្ឋក្នុងស្រុកនឹងត្រូវបានហាមឃាត់។ ការបើកដំណើរកាស៊ីណូក្នុងទម្រង់បែបនេះគឺវាបានក្លាយជាផ្នែកមួយជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិ​ ជួយបង្កើនប្រាក់ចំណូលជាតិតាមរយៈការបង់ពន្ធពីប្រតិបត្តិករកាស៊ីណូ និងជួយបង្កើតការងារសម្រាប់ពលរដ្ឋក្នុងស្រុកបានមួយចំនួនផងដែរ។

ដោយមើលឃើញពីចំណុចវិជ្ជមានទាំងនេះហើយ ទើបប្រទេសថៃចង់អនុញ្ញាតឲ្យមានកាស៊ីណូស្របច្បាប់ដូចសិង្ហបុរីដែរ ខណៈគិតត្រឹមពេលនេះសមាជិកសភារបស់បក្សកាន់អំណាចនិងបក្សប្រឆាំងថៃហាក់មានគំនិតស្របគ្នាយ៉ាងខ្លាំងជុំវិញគម្រោងខាងលើនេះ។ យ៉ាងណាក្តីក្រុមអ្នកជំនាញថៃបានលើកឡើងថា រដ្ឋាភិបាលថៃត្រូវតែសិក្សាអំពីគម្រោងខាងលើនេះឲ្យបានច្បាស់លាស់បំផុត ហើយជាពិសេសនោះគឺត្រូវធានាឲ្យបានថា ការភ្នាល់ល្បែងគ្រប់ប្រភេទនឹងមិនក្លាយទៅជារឿងអនាធិបតេយ្យសម្រាប់ពលរដ្ឋថៃគ្រប់រូប​ បើមិនដូចនោះទេគឺប្រទេសថៃនឹងទទួលបាននូវភាពអវិជ្ជមានច្រើនជាងភាពវិជ្ជមានពីកាស៊ីណូស្របច្បាប់មួយនេះ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: