ព័ត៌មានជាតិ

យុទ្ធនាការចែកជូនពលរដ្ឋដាំកូនឈើដោយឥតគិតថ្លៃចំនួន ១លានដើម នៅក្នុងឆ្នាំ២០២៤នឹងទទួលបានជោគជ័យ

BY
Khmernote Media
February 12, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងបរិស្ថាន តាមរយៈមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានរាជធានី និងខេត្តនានា បានបណ្តុះកូនឈើចំនួន ៤១៦,១៦៣ដើម សម្រាប់យុទ្ធនាការ ១០ តុលា ឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន ស្តីពីការចែកជូនកូនឈើជាង ១លានដើមជារៀងរាល់ឆ្នាំ ជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីដាំ និងស្តារព្រៃឈើឡើងវិញឱ្យបានជាង ៦០% នៅឆ្នាំ២០៥០។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា រហូតមកទល់ពេលនេះ ក្រសួងមានកូនឈើជាង៧០ម៉ឺនដើមក្នុងដៃ ទី១ គឺមន្ទីរបរិស្ថានបានបណ្តុះបានកូនឈើចំនួនជាង៤០ម៉ឺនដើម ទី២ គឺក្រសួងបានទទួល កូនត្នោតចំនួនជាង៣០ម៉ឺនដើម ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់ជូនក្នុង១ឆ្នាំបន្ថែមទៀត ។

មន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានវាយតម្លៃថាយុទ្ធនាការ ១០ តុលា ចែកជូនកូនឈើជាង ១លានដើមជារៀងរាល់ឆ្នាំ ជូនប្រជាពលរដ្ឋដាំរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន នឹងទទួលបានជោគជ័យ ដោយមន្ត្រីបរិស្ថាននៅតាមមន្ទីរទូទាំងរាជធានី-ខេត្ត បន្តបណ្តុះកូនឈើគ្រប់ប្រភេទ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ ជាបន្តបន្ទាប់ ដើម្បីចែកជូនប្រជាពលរដ្ឋចាប់ពីខែកក្កដាខាងមុខតាមគ្រោងទុក។

ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងផងដែរថា គិតចាប់ផ្តើមពីថ្ងៃបើកយុទ្ធនាការ ១០ តុលា មកទល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ មន្រ្តីក្រសួងបរិស្ថានបានចែកកូនឈើគ្រប់ប្រភេទ (កូនឈើប្រណិត និងឈើហូបផ្លែ) ចំនួន ២០០,៥៦២ដើម រួចជាស្រេច ទៅដល់ប្រជាពលរដ្ឋ ដើម្បីដាំស្តារព្រៃរិចរឹល ដាំនៅតាមមូលដ្ឋាន តាមសហគមន៍ ដាំនៅតាមសាលារៀន វត្តអារាម ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលបានរំលេចចេញនូវការងារអាទិភាពចំនួន៣ រួមមាន ភាពស្អាត ភាពបៃតង និងចីរភាព។ ក្នុងមុំផែនការអាទិភាពទី២ ភាពបៃតង ក្រសួងបរិស្ថាននិងអនុវត្តដោយពង្រីកចលនាដាំដើមឈើ ជំរុញការគ្រប់គ្រងតំបន់ការពារ ធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។

មន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ផែនការយុទ្ធសាស្រ្តទី២នេះ បានរៀបចំឡើងលើការប្រយុទ្ធប្រឆាំងនឹង ការប្រែប្រួល អាកាសធាតុ ដែលយកចិត្តទុកជាសំខាន់ គឺជំរុញការបណ្តុះនិងដាំកូនឈើ សំដៅបង្កើន គម្របព្រៃឱ្យដល់៦០% នៅឆ្នាំ២០៥០។

លើសពីនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការចំនួន៤ សម្រាប់ការគ្រប់គ្រង ធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព ឱ្យមានប្រសិទ្ធភាព រួមមាន ការអនុវត្តច្បាប់១០០% មិនអត់ឱនចំពោះឧក្រិដ្ឋកម្ម ធនធានធម្មជាតិ និងពង្រឹងសហការឱ្យកាន់ស្អិតរមួត ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក៏ដូចជាសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពង្រឹងការអនុវត្តច្បាប់បន្ថែមទៀត និងបង្កើតផែនការដាំដើមឈើឡើងវិញ និងការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព។

លើសពីនេះ ក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ សហគមន៍មូលដ្ឋានឆ្នាំ២០២៤-២០២៨ ដែលជាសមិទ្ធផលថ្មីមួយទៀត របស់ក្រសួងបរិស្ថាន ដែលបន្តគាំទ្រលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន តាមរយៈការជំរុញទេសចរណ៍ធម្មជាតិ និងកៀរគរការចូលរួមពីវិស័យឯកជន ដើម្បីជម្រើសមុខរបរ ព្រមទាំងលើកទឹកចិត្ត ឱ្យសហគមន៍ដាំដើមឈើដែលមានប្រយោជន៍ និងឈានទៅសហគមន៍អព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា ក្នុងរយៈពេលជិត៧ខែ ចាប់តាំងពីការបង្កើតបានរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចសមិទ្ធផលធំៗ នៃផែនការសកម្មភាពក្នុងវិស័យបរិស្ថាន តាមរយៈយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលកំពុងអនុវត្តស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានចាត់ ទុកការកែទម្រង់ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ជាការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាព របស់រាជរដ្ឋាភិបាល ហើយបានដាក់បញ្ចូល នូវក្របខណ្ឌការងាររបស់ក្រសួងបរិស្ថានចំនួន៥ រួមមាន៖ ការកាត់បន្ថយការបំពុលបរិស្ថាន, ការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ, ការអប់រំផ្សព្វផ្សាយបរិស្ថាន និងការប្រែប្រួលអាកាសធាតុ, ទំនើបកម្មរដ្ឋបាល និងហិរញ្ញវត្ថុប្រកបដោយចីរភាព, និងការលើកកម្ពស់ការទូតបៃតង៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Share This Post: