សេវារថយន្តក្រុង ដឹកអ្នកដំណើរ ដោយឥតគិតថ្លៃ ទៅមក រវាងក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែន ត្រូវបានដាក់អោយដំណើរការហើយ
- February 15, 2024
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ យុវជនប្រតិកម្មរហ័ស រដ្ឋបាលក្រុងសៀមរាប បានឱ្យដឹងថា ចាប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះតទៅ សេវារថយន្តក្រុង ដឹកអ្នកដំណើរ ដោយឥតគិតថ្លៃ ទៅមក រវាងក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែន ត្រូវបាន រដ្ឋបាលខេត្តសៀមរាប ដាក់អោយដំណើរការហើយ។ ដោយដំណាក់កាលដំបូងនេះ មានរថយន្តក្រុងចំនួន ១០គ្រឿង សម្រាប់ដឹកជញ្ជូនប្រចាំថ្ងៃ និងត្រៀមបម្រុងចំនួន៥ គ្រឿងបន្ថែមទៀតនាពេលខាងមុខ។

លោក អ៊ឹង សោភ័ណ នាយករងរដ្ឋបាល នៃសាលាខេត្តខេត្តសៀមរាប បានឲ្យដឹងថា ការដាក់ដំណើរការសេវារថយន្តក្រុងដឹកអ្នកដំណើរទៅមករវាងក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែននេះ គឺបន្ទាប់ពីមានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ ដែលដឹកនាំដោយសម្តេចតេជោហ៊ុន សែន និងបន្តដោយរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចផ្តល់រថយន្តក្រុងចំនួន ១០គ្រឿង ក្នុងការសម្រួលដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋពីក្រុងទាំងពីរនេះ ដោយឥតគិតថ្លៃ ដើម្បីជាការសម្រួលនូវទុកលំបាករបស់ពួកគាត់ដែលត្រូវធ្វើដំណើរទៅមកប្រកបរបរ កិច្ចការងារប្រចាំថ្ងៃ។
លោកអ៊ឹង សោភ័ណ បានបន្តថា ការផ្តល់ជូននេះ មិនត្រឹមជាការផ្តល់ជូនប្រជាពលរដ្ឋនៅក្រុងរុនតាឯកប៉ុណ្ណោះទេ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរតាមខ្សែរត់ ដែលរដ្ឋបាលខេត្តបានកំណត់ក៏អាចទទួលបានការធ្វើដំណើរ ដោយឥតគិតថ្លៃផងដែរ ដោយរដ្ឋបាលខេត្ត បានរៀបចំ ចំណតចំនួន ១១ផ្សេងទៀត នៅតាមផ្លូវនៃខ្សែរត់។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់រថយន្តក្រុង ចំនួន៥០គ្រឿង ដល់រដ្ឋបាលខេត្តសៀមរាប សម្រាប់ដឹកអ្នកដំណើរទៅមកដោយឥតគិតថ្លៃរវាងក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែន ហើយបន្ទាប់ទៀត រដ្ឋបាលខេត្តសៀមរាប ក៏គ្រោងនឹងពង្រីកសេវាកម្មនេះ ទៅកាន់តំបន់ពាក់ស្នែង និងក្នុងក្រុងសៀមរាប ផងដែរ ៕








- Share This Post:






