ក្រុមគ្រួសាររបស់ជនរងគ្រោះធ្លាក់យន្តហោះអេត្យូពី បានត្រឹមតែយំសោកមិនអស់អាល័យ ខណៈដង្ហែមឈូសទាំងគ្មានសាកសពយកទៅបូជា
វិហារ Trinity នៅទីក្រុង Addis Ababa រដ្ឋធានីរបស់ប្រទេសអេត្យូពីនៅព្រឹកថ្ងៃអាទិត្យនេះ មានការទ្រហោយំយ៉ាងគួរឱ្យសង្វេគចិត្តបំផុតពីសំណាក់គ្រួសារសព ដែលមនុស្សជាទីស្រឡាញ់របស់ពួកគេបានស្លាប់ ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះជើងហោះហើរលេខ ៣០២ របស់អាកាសចរណ៍អេត្យូពី។ ក្រុមគ្រួសារទាំងនោះយំសោកទាំងមិនអស់អាល័យ ខណៈពួកគេត្រូវដង្ហែមឈូសចូលមកក្នុងវិហារ Trinity ទាំងគ្មានសាកសពនៅខាងក្នុង គឺមានតែរូបថតដែលតំណាងឱ្យអ្នកស្លាប់តែប៉ុណ្ណោះ។

ក្រុមគ្រួសារសពរបស់អាកាសចរណ៍អេត្យូពីមិនរំពឹងថា ពួកគេនឹងអាចទទួលបានសាកសពជនរងគ្រោះមកបូជាបាននោះទេ ព្រោះយន្តហោះនេះបានធ្លាក់ជាមួយនឹងការផ្ទុះដ៏ខ្លាំង ពួកគេបានត្រឹមតែបូជាមឈូសទទេជាមួយរូបថតប៉ុណ្ណោះ។ គួររំឭកផងដែរថា ជើងហោះហើរលេខ ៣០២ របស់អាកាសចរណ៍អេត្យូពីនេះបានធ្លាក់ភ្លាមៗ បន្ទាប់ពីបាត់ការទំនាកទំនងពីប៉មសុវត្ថិភាព ៦នាទី បន្ទាប់ពីចាកចេញពីព្រលាន និងបណ្តាលឱ្យអ្នកដំណើរ និងអាកាសយានិកទាំងអស់ ១៥៧នាក់ ស្លាប់។ ការធ្លាក់នេះបានចោទជាសំណួរពេញពិភពលោក ខណៈវាជាម៉ូដែលដូចគ្នាដែលបានធ្លាក់កាលពី ៥ខែ មុនដោយមានមនុស្សស្លាប់ទាំងអស់ ១៨៩នាក់ ៕




អត្ថបទ៖ លីដា
ប្រភព៖ nytimes