សាហាវណាស់! ប្តីប្រពន្ធមួយគូនេះត្រូវកាត់ទោសឲ្យជាប់គុក ក្រោយធ្វើទារុណកម្មលើអ្នកបម្រើ និងបង្ខំឱ្យបរិភោគកម្អួតខ្លួនឯង
សឹង្ហបុរី៖ យោងតាមសារពត៌មាន The Straits Times បានឱ្យដឹងថា គូស្វាមីភរិយាមួយគូបានធ្វើបាបអ្នកបម្រើរបស់ខ្លួនជាច្រើនលើកច្រើនសារដោយវាយនឹងរំពាត់ និងទាត់ធាក់មកលើគាត់យ៉ាងចាស់ដៃ មុនពេលដែលពួកគេបង្ខំគាត់ឱ្យបរិភោគបាយលាយជាមួយនឹងស្ករ ហើយបន្ទាប់មកក៏បង្ខំគាត់ឱ្យបរិភោគកម្អួតខ្លួនឯងថែមទៀត នៅពេលដែលគាត់ក្អួតវាចេញមក។ ស្ត្រីជាអ្នកបម្រើមានឈ្មោះ Moe Moe Than អាយុ ៣២ឆ្នាំ ជាជនជាតិភូមា ហើយគាត់ត្រូវបានប្តីប្រពន្ធនេះគំរាមថា នឹងជួលមនុស្សឱ្យទៅសម្លាប់គ្រួសាររបស់គាត់ ប្រសិនបើគាត់មិនស្តាប់តាមពួកគេ។ ប្រភពដដែលក៏បានឱ្យដឹងដែរថា មានពេលខ្លះរូបគាត់ត្រូវបានបង្ខំឱ្យធ្វើការទាំងមានស្លៀកតែអាវក្នុង និងខោខ្លីទៀតផង។

បន្ទាប់ពីដំណើរការរឿងក្តីរយៈពេល ៣១ថ្ងៃ បានបញ្ចប់ទៅតុលាការបានប្រកាសថា ប្តីប្រពន្ធនេះមានទោសពីបទ ធ្វើទារុណកម្មមកលើអ្នកបម្រើ។ ជនដៃដល់ ទី១ ដែលត្រូវជាប្រពន្ធមានឈ្មោះថា Chia Yun Ling អាយុ ៤៣ឆ្នាំ ជាអតីតអ្នកគ្រប់គ្រងផ្នែកលក់ជាន់ខ្ពស់ ត្រូវបានគេកាត់ទោសឱ្យជាប់គុករយៈពេល ៣ឆ្នាំ និង ១១ខែ ជាមួយនឹងការពិន័យ ៤,០០០ដុល្លាអាមេរិក និងបង្គាប់ឱ្យសង់ការខូចខាតដល់ជនរងគ្រោះចំនួន ៦,៥០០ ដុល្លាអាមេរិក។ ចំណែកឯបុរសជាប្តីមានឈ្មោះថា Tay Wee Kiat អាយុ ៤១ឆ្នាំ ជាអតីតអ្នកគ្រប់គ្រងព័ត៌មានប្រចាំតំបន់ ត្រូវបានកាត់ទោសឱ្យជាប់គុករយៈពេល ២ឆ្នាំ និងត្រូវបានបង្គាប់ឱ្យសងថ្លៃខូចខាតចំនួន ៣,០០០ដុល្លាអាមេរិក។


អត្ថបទ៖ លីដា
ប្រភព៖ straitstimes