សមត្ថកិច្ច ចុះបង្ក្រាបទីតាំងទិញ-លក់ម៉ូតូខុសច្បាប់មួយកន្លែង ដកហូតម៉ូតូ ៣១គ្រឿង នៅខណ្ឌទួលគោក
- February 21, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ កម្លាំងអធិការនគរបាលខណ្ឌទួលគោក ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំង ទិញ-លក់ ម៉ូតូ នៅផ្ទះលេខ៤៩E ផ្លូវ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌគោក ពាក់ព័ន្ធករណីទទួលផលចោរកម្ម។

ម្ចាស់ទីតាំង៖ គេចខ្លួនបាត់។ សម្ភារដកហូត៖ ម៉ូតូចំនួន ៣១គ្រឿង, ផ្លាកលេខម៉ូតូ ចំនួន១១២សន្លឹក, កាតគ្រីម៉ូតូ ចំនួន៧២, អត្តសញ្ញាណប័ណ្ណ ចំនួន១១ច្បាប់, សំបុត្រកំណើត ចំនួន០៣ច្បាប់,ធុងខ្យល់សម្រាប់កឹបស្លាកលេខ ចំនួន០១ និងកូនសោមួយចំនួន។
បច្ចុប្បន្នទីតាំងខាងលើ បានត្រូវបានបិទជាបណ្ដោះអាសន្ន ចំណែកសម្ភារដកហូត គឺយកទៅរក្សាទុកនៅនាយកដ្ឋានព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តនីតិវិធី៕






- Share This Post:






