ស្នងការខេត្តកណ្តាល បំភ្លឺករណីបាត់ក្មេងស្រី ត្រូវម្ដាយដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋានក្រុងតាខ្មៅ តែសមត្ថកិច្ចហៅឱ្យដកពាក្យបណ្តឹងវិញ ដោយមិនជួយស្វែងរកកូនគាត់ គឺមិនពិតនោះទេ
- February 21, 2024
ខេត្តកណ្ដាល៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សូមឆ្លើយតបជូនសាធារណជនទៅនឹងផេកហ្វេសប៊ុកឈ្មោះ A JA A -Abc ដែលបានសម្ភាសន៍ផ្ទាល់ជាមួយលោកស្រី ម៉ៅ សៅដា ជាម្តាយបង្កើតជនរងគ្រោះបាត់ខ្លួនឈ្មោះ ហ ស.ភ ភេទស្រី អាយុ ១៤ឆ្នាំ ហើយម្តាយជនរងគ្រោះបាននិយាយថា «ពេលមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ហើយសមត្ថកិច្ចបានហៅឲ្យមកដកពាក្យបណ្តឹងវិញ ដោយមិនបានជួយស្វែងរកកូនរបស់គាត់»។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យលោកអធិការនគរបាលក្រុងតាខ្មៅ ស្រាវជ្រាវបំភ្លឺករណីខាងលើ ទទួលបានលទ្ធផលដូចខាងក្រោម៖
-ស្តីពីករណី៖ ការបាត់កូនស្រី
-កើតហេតុ៖ ថ្ងៃទី០៤-០២-២០២៤ ម៉ោង១៥និង១៥នាទី
-ចំណុច៖ ក្នុងផ្ទះជនរងគ្រោះភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ដើមបណ្តឹង០១នាក់៖
ឈ្មោះ អូន ពិសិដ្ឋ ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរ យោធា(ត្រូវជាឪពុកបង្កើត)។
បានបាត់កូន៖
-ឈ្មោះ ហ ស.ភ ភេទស្រី អាយុ១៤ឆ្នាំ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរ សិស្ស។
សភាពនៃរឿងហេតុ៖
នៅវេលាម៉ោង ២៣៖០៦នាទីយប់ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឈ្មោះ អូន ពិសិដ្ឋ បានមកដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្តីពីការបាត់កូនស្រីរបស់គាត់។
លុះដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៩៖០០នាទីព្រឹក មន្រ្តីដែលបានទទួលពាក្យបណ្តឹងពីយប់ក៏បានខលទៅអញ្ជើញគាត់មកពន្យល់ពីនីតិវិធីស្រាវជ្រាវរកកូនគាត់តាមរយៈ Location ក្រោយមក ម៉ោងប្រមាណ ៩៖៣០នាទីព្រឹក ឈ្មោះ អូន ពិសិដ្ឋ បានមកដល់អធិការដ្ឋាននគរបាលក្រុងតាខ្មៅជួបនឹងមន្រ្តីជំនាញ ហើយយមន្រ្តីជំនាញក៏បានពន្យល់ណែនាំអំពីនីតិវិធីស្រាវជ្រាវរកកូនគាត់តាមរយៈ Location លេខទូរស័ព្ទ និងបណ្តាញសង្គមផ្សេងៗ ដោយមន្រ្តីជំនាញបានប្រាប់គាត់ថា៖
ប្រសិនបើបងចង់ស្វែងរកកូនស្រីតាមរយៈ Location ប្រព័ន្ធលេខទូរស័ព្ទ និងបណ្តាញសង្គមនោះ សូមបងអញ្ជើញទៅដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ទើបគេមានជំនាញហ្នឹង សម្រាប់មន្រ្តីពួកយើងខ្ញុំនៅមានកម្រិត។ ដោយឈ្មោះ អូន ពិសិដ្ឋ នៅតែចង់ឲ្យមន្ត្រីជំនាញស្រាវជ្រាវតាមរយៈលេខទូរស័ព្ទ និងLocation ពេលនោះមន្រ្តីជំនាញក៏បានពន្យល់ប្រាប់ ឈ្មោះ អូន ពិសិដ្ឋ ឲ្យទៅដាក់ដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាទៅ តែទាល់តែបងដកពាក្យបណ្តឹងនៅខាងខ្ញុំសិន ខណៈពេលនោះ ឈ្មោះ អូន ពិសិដ្ឋ ក៏យល់ព្រមដកពាក្យបណ្តឹងភ្លាមៗ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។
លុះដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ឈ្មោះ អូន ពិសិដ្ឋ និងឈ្មោះ ម៉ៅ សៅដា (ប្រពន្ធ) បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅម្តងទៀត ស្តីពី ការបាត់កូនស្រី ឈ្មោះ ហ ស.ភ អាយុ១៤ឆ្នាំ ដែលបានចាកចេញពីផ្ទះ ហើយបានឡើងជិះម៉ូតូមួយគ្រឿងម៉ាកសង់ពណ៌ខ្មៅ ជាមួយក្មេងប្រុសម្នាក់មិនស្គាល់ឈ្មោះ អាយុប្រហែល ១៨ឆ្នាំ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្រោយពីបានទទួលពាក្យបណ្តឹងពីឪពុករបស់ក្មេងស្រីដែលបានបាត់ខ្លួនរួចមក កម្លាំងផ្នែកជំនាញធ្វើការផ្សព្វផ្សាយទៅតាមបណ្តាប៉ុស្តិ៍ទាំង១០ ឲ្យជួយស្រាវជ្រាវរកក្មេងស្រីដែលបាត់ខ្លួនខាងលើទៅតាមជំនាញ។
បញ្ជាក់៖
-មន្រ្តីនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ មិនបានខលឱ្យឪពុកក្មេងស្រីបាត់ខ្លួនមកដកពាក្យបណ្តឹងដូចដែលម្តាយក្មេងស្រីផ្តល់បទសម្ភាសន៍ដល់វិទ្យុ Abc នោះទេ។
-ចំពោះមន្រ្តីអធិការដ្ឋានក៏មិនបានប្រើពាក្យសម្តីមិនសមរម្យចំពោះឱពុកម្តាយក្មួយស្រីដែលបាត់ខ្លួននោះដែរ។ អាស្រ័យហេតុនេះសូមសាធារណជនជ្រាប និងកុំមានការភាន់ច្រឡំ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province
- Share This Post:






