យ៉ាងហោចណាស់មនុស្ស ៨៩នាក់ បានស្លាប់ក្នុងប្រទេស Zimbabwe ដោយការវាយប្រហារពីព្យុះ Cyclone Idai
យោងតាមមន្ត្រីរដ្ឋាភិបាលប្រទេសហ្សីមបាវ៉េ (Zimbabwe) ក្នុងថ្ងៃចន្ទ ទី១៨ បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៨៩នាក់ បានស្លាប់ បន្ទាប់ពីព្យុះ Cyclone Idai បានបោកបក់កាត់តំបន់ភាគខាងកើត និងភាគខាងត្បូងនៃប្រទេសនេះ ស្របពេលដែលប្រទេសកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច និងគ្រោះរាំងស្ងួត។ យ៉ាងណាក៏ដោយក្រុមអ្នកជួយសង្គ្រោះត្រូវបានគេបញ្ជូនឱ្យទៅទីតាំងរងផលប៉ះពាល់បំផុត ដែលនៅជិតព្រំដែនប្រទេសម៉ូសំប៊ិក (Mozambique)។

ស្រុក Chimanimani ទទួលរងផលប៉ះពាលខ្លាំងបំផុត ដោយមានភ្លៀងធ្លាក់ និងព្យុះ ដែលមានល្បឿន ១៧០គីឡូម៉ែត្រ/ម៉ោង ដែលបានបំផ្លិចបំផ្លាញផ្លូវថ្នល់ លំនៅដ្ឋាន ស្ពាន… ហើយវាក៏បានផ្តាច់ចេញនូវចរន្តអគ្គិសនី និងបណ្តាញទូរគមនាគមន៍របស់ស្រុកផងដែរ។ ក្រុមមន្រ្តីមូលដ្ឋាននិយាយថា ចំនួនខូចខាត និងអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើងថែមទៀត។
រដ្ឋាភិបាលក៏បានប្រកាសអាសន្ននៅតំបន់រងផលប៉ះពាល់ដោយខ្យល់ព្យុះ ដែលជាការវាយប្រហារអាក្រក់បំផុតនៅក្នុងប្រទេសចាប់តាំងពីព្យុះ Cyclone Eline បានបំផ្លិចបំផ្លាញភាគខាងកើត និងភាគខាងត្បូងក្នុង ឆ្នាំ២០០០។ ប្រទេសដែលមានប្រជាជន ១៥លាននាក់ នេះគឺកំពុងរងគ្រោះដោយគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងររួចទៅហើយអង្គការសហប្រជាជាតិក៏បានប្រកាសថា មនុស្ស ៥.៣លាននាក់ ក្នុងប្រទេសនេះនឹងត្រូវការជំនួយស្បៀងអាហារជាចាំបាច់៕


អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia