ព័ត៌មានជាតិ

កម្លាំងជំនាញ រកឃើញទីតាំងលួចលាក់នាំចូល ស្តុក-និងចែកចាយ ផលិតផលទឹកដោះគោជូរម៉ាក Dutch Mill ចំនួន ១៥៤កេស ក្នុងក្រុងប៉ោយប៉ែត

BY
Khmernote Media
February 23, 2024

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់នាំចូល ស្កុក-ចែកចាយ ផលិតផលទឹកដោះគោជូររំលោភលើកម្មសិទ្ធិនាំចូលផ្ដាច់មុខរបស់ក្រុមហ៊ុន យូ អិន ធី ហូលសេល ខូអិលធីឌី។

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤​ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ក្រុមហ៊ុន យូ អិន ធី ហូលសេល ខូអិលធីឌី លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្ដមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ ស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកវរសេនីយ៍ឯក រស់ អៀម នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដឹកនាំកម្លាំងជំនាញចុះបង្ក្រាបទីតាំង ១កន្លែងសង្ស័យលួចលាក់នាំចូល ស្តុក-និងចែកចាយ ផលិតផលទឹកដោះគោជូរម៉ាក Dutch Mill ដែលរំលោភលើកម្មសិទ្ធិនាំចូលផ្តាច់មុខរបស់ក្រុមហ៊ុនយូរ អិន ធីហូលសេល ខូអិលធីឌី នៅទីតាំង១កន្លែង ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

កម្លាំងជំនាញបានត្រួតពិនិត្យជាក់ស្ដែងក្នុងទីតាំងរកឃើញ និងដកហូតជាបណ្ដោះអាសន្ន នូវប្រភេទទឹកដោះគោជូរម៉ាក Dutch Mill (ចម្រុះ) ចំនួន១៥៤កេស (កេសក្រដាស់បិទស្កុតផ្លុំបេ) និងយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីអនុវត្តនីតិវិធីបន្ត។

ក្នុងកិច្ចប្រតិបត្តិការនេះក៏មានការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វិសុទ្ធ​ ព្រះរាជអាជ្ញារងនៃអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ- BMC Province Commissariat Of Police

Share This Post: