ព័ត៌មានជាតិ

ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាល គ្រោងនឹងប្រកាសខេត្តចំនួន៤ បន្ថែមទៀត ជាខេត្តអស់មីន

BY
Khmernote Media
February 23, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា «ឆ្នាំ២០២៤នេះ យើងគ្រោងនឹងប្រកាសខេត្ត ចំនួន៤ បន្ថែមទៀតរួមមាន ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តរតនគិរី ជាខេត្តអស់មីន»។ នេះបើតាមសារលិខិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធខួបលើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៤។

សារលិខិតដដែល សម្ដេចធិបតី ហ៊ុន ម៉ាណត បានគូសបញ្ជាក់ថា ចាប់តាំងពីយើងចាប់ផ្តើមស្ដារការរស់ឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលបានកំណត់យក សកម្មភាពមីន ជាផ្នែកមួយដ៏សំខាន់ក្នុងការរៀបចំគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងផែនការយុទ្ធសាស្ត្រជាតិសំខាន់ៗ។

ដោយមើលឃើញពីសារសំខាន់នេះ និងដើម្បីជាការចូលរួមចំណែកជាប្រទេសគំរូមួយក្នុងតំបន់និងពិភពលោក រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់បញ្ចូលសកម្មភាពបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះចូលជាគោលដៅទី៩ នៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និងដាក់បញ្ចូលជាគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជា ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ដើម្បីអនុម័តរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥ នៅទីក្រុងញ៉ូវយ៉កសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥។

នាសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងនាមជានាយករដ្ឋមន្ត្រី ខ្ញុំក៏បានថ្លែង “បន្ថែមពីលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងក្របខ័ណ្ឌសកល កម្ពុជាក៏បានបន្ថែមគោលដៅដោយឡែករបស់ខ្លួនទាក់ទងនឹងសកម្មភាពមីនគឺ កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥។ ក្នុងការខិតខំប្រឹងប្រែងនេះ កម្ពុជាសូមអំពាវនាវឱ្យមានការបន្តផ្តល់ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសលើសកម្មភាពមីនបន្ថែមទៀត។ យើងក៏សូមលើកទឹកចិត្តឱ្យមានការចូលរួមឱ្យបានកាន់តែទូលំទូលាយពីសហគមន៍អន្តរជាតិ ដើម្បីបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលជាឃាតកលាក់មុខ និងបន្តគំរាមកំហែងដល់សន្តិសុខមនុស្សជាតិ បើទោះបីជាសង្គ្រាមប្រដាប់អាវុធបានបញ្ចប់ក្តី »។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ទោះបីកម្ពុជា ជាប្រទេសមួយធ្លាប់បានឆ្លងកាត់ និងទទួលរងនូវការបំផ្លិចបំផ្លាញដោយសង្គ្រាមរ៉ាំរ៉ៃ ព្រមទាំងប្រឈមនឹងបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងធ្ងន់ធ្ងរ ដែលបង្កឱ្យប្រជាជនស្លូតត្រង់ស្លាប់ របួស និងពិការរាប់ពាន់នាក់ ក៏កម្ពុជានៅបន្តខិតខំចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុរក្សាសន្តិភាព និងសកម្មភាពបោសសម្អាតមីនទូទាំងសកលលោក ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ។

គិតពីឆ្នាំ២០០៦មក កម្ពុជាបានខិតខំចែករំលែកនិងបញ្ជូនកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងអ្នកអង្កេតការណ៍របស់ខ្លួនដើម្បីចូលរួមចំណែកសម្រាលទុក្ខលំបាកជូនដល់ប្រទេសផ្សេងៗដែលរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដូចជាប្រទេសស៊ូដង់ ប្រទេសស៊ូដង់ខាងត្បូង ប្រទេសលីបង់ ប្រទេសស៊ីរី ប្រទេសស៊ីប ប្រទេសយេម៉ែន ប្រទេសឆាដ ប្រទេសម៉ាលី ប្រទេសអាហ្វ្រិកកណ្តាល និងប្រទេសកុងហ្គោ។

ជាសមិទ្ធផល កម្ពុជាទទួលបានស្នាដៃដ៏ធំធេងជាច្រើន ដូចជាការបោសសម្អាតមីន ការកម្ទេចគ្រាប់មិនទាន់ផ្ទុះ ការស្ថាបនាសំណង់ផ្តេក សំណង់បញ្ឈរ ជួសជុលថែទាំព្រលានយន្តហោះ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងបំពេញការងារមនុស្សធម៌ផ្សេងៗ ដល់ប្រជាជន ក្នុងតំបន់បេសកកម្មដែលមានហានិភ័យខ្ពស់។

សូមរម្លឹកថា ចាប់ពីឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសរាជធានី ខេត្តចំនួន១៤ ជារាជធានី ខេត្តអស់មីន រួមមាន ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ និងខេត្តមណ្ឌលគិរី៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: