ស្លាប់ ៣ និងរបួស ៩នាក់ ក្រោយមានការបាញ់ប្រហារនៅស្ថានីយដឹកអ្នកដំណើរទីក្រុង Utrecht ប្រទេសហូឡង់
ខ្មាន់កាំភ្លើងម្នាក់បានធ្វើការបាញ់ប្រហារលើស្ថានីយរថយន្តមួយនៅទីក្រុង Utrecht ប្រទេសហូឡង់កាលពីថ្ងៃចន្ទ ដោយសម្លាប់មនុស្ស ៣នាក់ និងរបួស ៩នាក់។ អាជ្ញាធរក៏កំពុងធ្វើការលើករណីនេះថា វាជាភេរវកម្ម ឬយ៉ាងណា? ដោយសារតែហេតុការណ៍នេះកើតមានឡើងប៉ុន្មានថ្ងៃបន្ទាប់ពីមានភេរវករបាញ់ប្រហារទៅលើរវិហារអ៊ីស្លាមចំនួន ២កន្លែង នៅនូវែលហ្សេឡង់។ យ៉ាងណាក៏ដោយក្រុមមន្ត្រីបានណែនាំឱ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ ខណៈពួកគេកំពុងកំណត់មុខសញ្ញាជនល្មើស។

លោក Jan van Zanen ចៅហ្វាយក្រុង Utrecht បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយនៅលើ Twitter ថា នៅក្នុងដំណាក់កាលនេះយើងអាចបញ្ជាក់ពីចំនួនអ្នកស្លាប់ចំនួន ៣នាក់ និង ៩នាក់ រងរបួស។ ប៉ូលិសក៏បានបញ្ចេញរូបភាពជនសង្ស័យជនជាតិទួរគីម្នាក់ឈ្មោះថា Gokmen Tanis អាយុ ៣៧ឆ្នាំ ហើយបានព្រមានមនុស្សគ្រប់គ្នាកុំឱ្យទាក់ទងទៅជននេះឱ្យសោះ។ ប៉ូលិសក៏បានណែនាំប្រជាជនកុំឱ្យចេញក្រៅក្នុងរយៈពេលនេះផងដែរ ដើម្បីជៀសវាងហេតុការណ៍បែបនេះអាចមានជាយថាហេតុ៕









អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia