ជនស៊ីវិល ២នាក់ ជិះម៉ូតូផ្លាកលេខនគរបាល គ្មានពាក់មួកសុត្ថិភាព ចូលខ្លួនមកទទួលកំហុស និងរងការផាកពិន័យ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយពីមានការផ្សាយតាមបណ្តាញសង្គមពីជនស៊ីវិល ០២នាក់ ជិះម៉ូតូផ្លាកលេខនគរបាល ថែមទាំងគ្មានពាក់មួកសុត្ថិភាពរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះធ្វើការស្រាវជ្រាវជាបន្ទាន់។

តាមការស្រាវជ្រាវជនស៊ីវិលទាំង ០២នាក់ខាងលើ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រើប្រាស់ម៉ូតូម៉ាកវេស្ប៉ា ពាក់ផ្លាកលេខ នគរបាល 1A-9997 មិនពាក់មួកសុវត្តិភាព ដោយឈ្មោះ អ៊ិន គីមហុង ភេទស្រី បានខ្ចីម៉ូតូពីបងប្រុស ឈ្មោះ ផុន សុភ័ក្រ្ត ជាមន្រ្តីនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ យកមកប្រើប្រាស់។
ជាលទ្ធផលទាំងអ្នកបើកបរ និងម្ចាស់ម៉ូតូ បានចូលខ្លួនមកទទួលកំហុស និងទទួលការផាកពិន័យ នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ នៅវេលាម៉ោង០៣និង០០នាទីរសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ៕

