ព័ត៌មានជាតិ

អង្គការ Wonders Of The Mekong៖ ទីជម្រកសត្វបក្សីខ្សឹប ៨០ភាគរយ នៅជុំវិញបឹងទន្លេសាប ត្រូវបានបាត់បង់

BY
Khmernote Media
February 27, 2024

ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អាកាសធាតុក្តៅហួតហែងក្នុងខែមករា ពន្លឺព្រះអាទិត្យចាំងឆ្លុះដល់ដី ទាំងមនុស្សទាំងសត្វចតុប្បាទ មិនអាចស្វែងរកម្លប់ជ្រកបាន ព្រោះតែពុំមានរុក្ខជាតិណាផ្សេងដុះក្រៅពីស្មៅ នៅលើទីវាលដ៏ធំល្វឹងល្វើង នៃ «តំបន់អភិរក្សសត្វខ្សឹបស្ទោង» ឡើយ។

ក្រុមការងារអង្គការសមាគមន៍អភរិក្សសត្វព្រៃកម្ពុជា (WCS) ដឹកនាំដោយ លោក ស៊ុ ភារុណ ប្រធានកម្មវិធីប្រចាំតំបន់បឹងទន្លេសាប និងលោក ផុន ក្រឹម អ្នកសម្របសម្រួលគម្រោងអភិរក្សសត្វខ្សឹប បាននាំទៅមើលនៅលើវាលស្មៅតំបន់អភិរក្សសត្វខ្សឹបស្ទោង ដើម្បីស្វែងរកទីជម្រក និងផ្តិតយករូបភាពសត្វខ្សឹប ដែលជាបក្សីកម្រ និងជិតផុតពូជ។ តំបន់អភិរក្សសត្វខ្សឹបស្ទោង គឺជាផ្នែកមួយ នៃតំបន់ការពារទេសភាពទំនាបបឹងទន្លេសាបខាងជើង ដែលត្រូវបានដាក់ជាតំបន់ការពារដោយក្រសួងបរិស្ថាន ក្នុងឆ្នាំ២០១៦ និងជាទីជម្រកវាលស្មៅចុងក្រោយ ដែលនៅសេសសល់ សម្រាប់សត្វខ្សឹប។ នៅក្នុងប្រទេសកម្ពុជា សត្វបក្សីខ្សឹប មានរស់នៅក្នុងតំបន់វាលស្មៅជុំវិញបឹងទន្លេសាប។ ប៉ុន្តែ តំបន់អភិរក្សសត្វខ្សឹបស្ទោង ដែលស្ថិតនៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ គឺជាតំបន់ដែលមានវត្តមានសត្វខ្សឹបរស់នៅច្រើនជាងគេ។

«សត្វបក្សីខ្សឹប» Bengal florican មានឈ្មោះវិទ្យាសាស្ត្រ (Houbaropsis bengalensis) មានដើមកំណើតនៅក្នុងឧបទ្វីបឥណ្ឌា ប្រទេសកម្ពុជា និងវៀតណាម។ ខ្សឹប ជាប្រភេទបក្សីកម្រ និងជិតផុតពូជ ដែលត្រូវបានចុះក្នុងបញ្ជីក្រហម IUCN Red List ក្នុងឆ្នាំ ២០១៨។ លោក ស៊ុ ភារុណ ប្រធានកម្មវិធីប្រចាំតំបន់បឹងទន្លេសាប នៃអង្គការសមាគមន៍អភរិក្សសត្វព្រៃកម្ពុជា (WCS)បានលើកឡើងថា មានកត្តាជាច្រើន ដែលធ្វើឱ្យតំបន់នេះ នៅតែមានវត្តមានបក្សីខ្សឹប និងសត្វស្លាបសំខាន់ៗ ផ្សេងទៀត រស់នៅច្រើនជាងគេ។ លោក ភារុណ បានបញ្ជាក់ថា៖ «ដោយសារមានកិច្ចសហប្រតិបត្តិការយ៉ាងរលួន ជាមួយស្ថាប័នពាក់ព័ន្ធជាង ២០ឆ្នាំកន្លងមក ជាមួយក្រសួង និងមន្ទីរបរិស្ថាន នៃខេត្តទាំងពីរ ខេត្ដកំពង់ធំ និងខេត្ដសៀមរាប ជាពិសេស ពីសំណាក់អាជ្ញាធរមូលដ្ឋានផងដែរនោះ ទើបយើងមានលទ្ធផលបែបនេះ»។

តំបន់វាលស្មៅស្ទោង នៅក្នុងរដូវវស្សា គេសង្កេតឃើញមានទេសភាពពណ៌បៃតងខ្ចី គួរឱ្យគយគន់។ ក្នុងរដូវប្រាំង ស្មៅមួយចំនួនធំបានងាប់ ហើយក៏មានលាស់ថ្មីដែរ ដែលជាទីជម្រកដ៏ល្អបំផុត សម្រាប់សត្វខ្សឹប ពង-កូន រកចំណី និងធំធាត់។ ចំពោះកក្តាគំរាមកំហែងចំពោះសត្វខ្សឹប កន្លងមក និងនាពេលចប្ចុប្បន្ននេះ ត្រូវបានលោក ភារុណ បានបញ្ជាក់យ៉ាងខ្លីថា គឺដោយសារការបាត់បង់ទីជម្រក។ ក្នុងរយៈពេលជាង ២០ឆ្នាំចុងក្រោយនេះ ការទន្ទ្រានដី និងប្រែក្លាយតំបន់វាលស្មៅធម្មជាតិ ទៅជាតំបន់កសិកម្ម ស្រែចម្ការ មានទំហំធំណាស់។ លោក ស៊ុ ភារុណ បានបញ្ជាក់បន្ថែមថា៖ «វាលស្មៅប្រហែលជាង ៨០ភាគរយ នៅក្នុងខេត្តទាំងប្រាំមួយ ជុំវិញបឹងទន្លេសាប ត្រូវបានបាត់បង់់ ធ្វើឱ្យទីជម្រករបស់សត្វខ្សឹប បានធ្លាក់ចុះយ៉ាងគំហុក។ ទាំងនេះ គឺជាមូលហេតុដែលធ្វើឱ្យចំនួនសត្វខ្សឹបធ្លាក់ចុះផងដែរ។ ការបរបាញ់ ក៏ជាកត្តាគំរាមកំហែងផ្សេងទៀតដែរ»។

បើតាមអ្នកជំនាញនៃអង្គការ WCS បានឱ្យដឹងថា បច្ចុប្បន្ននេះ មានកត្តាគំរាមកំហែងថ្មីមួយទៀត ទើបនឹងកើតមានឡើងនៅក្នុងតំបន់អភិរក្សសត្វខ្សឹបស្ទោង នោះគឺ ខ្សែបណ្តាញចរន្តអគ្គិសនីតង់ស្យុងខ្ពស់ ដែលបានអូសកាត់តំបន់វាលស្មៅនេះ។ ក្នុងរយៈពេល ១២ខែ អង្គការសមាគមន៍អភិរក្សសត្វព្រៃកម្ពុជា និងសហគមន៍មូលដ្ឋាន បានចុះធ្វើការសិក្សាពីផលប៉ះពាល់ ក្នុងមួយសប្តាហ៍ពីរដង បានរកឃើញថា មានសត្វខ្សឹបចំនួន ៦ក្បាលបានងាប់ ដោយសារហោះបុកខ្សែបណ្តាញអគ្គិសនី។ ទាក់ទងនឹងបញ្ហាលើកឡើងខាងលើនេះ លោក ភារុណ បានអះអាងថា៖ «ជាលក្ខណៈជីវសាស្ត្ររបស់សត្វស្លាប វាពុំអាចមើលឃើញអ្វីដែលតូចឆ្មារពីចម្ងាយបានឡើយ។ ពេលវាហោះទៅកៀកនឹងខ្សែបណ្តាញអគ្គិសនី នោះអ្វីៗ គឺហួសពេលទៅហើយ។ សត្វមិនអាចហោះគេចបាន ក៏បុកស្លាប់តែម្តងទៅ»។

ទន្ទឹមនេះ លោក ភារុណ បានឱ្យដឹងទៀតថា សត្វខ្សឹបងាប់ចំនួន ៦ក្បាលនេះ បើគិតពីចំនួនសត្វខ្សឹបនាពេលបច្ចុប្បន្ននេះ គឺជាចំនួនភាគរយដ៏ច្រើនមួយ។ បើយោងតាមស្ថិតិជំរឿនក្នុងឆ្នាំ២០២៣ របស់អង្គការសមាគមន៍អភរិក្សសត្វព្រៃកម្ពុជា (WCS) មានសត្វខ្សឹបឈ្មោលបង្ហាញខ្លួនត្រឹមតែ ១៧០ក្បាលប៉ុណ្ណោះ។ «ក្រៅពីសត្វខ្សឹប ក៏មានប្រភេទសត្វស្លាបផ្សេងៗ ទៀត មានដូចជា ក្រៀល ក្រសា ននៀល ត្រដក់ ក៏បានហោះបុកខ្សែបណ្តាញអគ្គិសនីងាប់ដែរ»។ នេះបើយោងតាមការបញ្ជាក់បន្ថែមរបស់លោក ស៊ុ ភារុណ។ តែទោះយ៉ាងណា លោក ស៊ុ ភារុណ ប្រធានកម្មវិធីប្រចាំតំបន់បឹងទន្លេសាប នៃអង្គការសមាគមន៍អភរិក្សសត្វព្រៃកម្ពុជា នៅតែមានសុទិដ្ឋិនិយមថា ដំណោះស្រាយនៅតែមាន ប្រសិនបើមានការយកចិត្តទុកដាក់ពីអង្គភាពអគ្គិសនីកម្ពុជា ដោយបំពាក់ឧបករណ៍ឱ្យសញ្ញាដល់សត្វស្លាប។ លោក ភារុណ បញ្ជាក់បន្ថែមថា៖ «បើមានការដាក់ឧបករណ៍ចាំងពន្លឺត្រឡប់ភ្ជាប់នឹងខ្សែបណ្តាញអគ្គិសនីបានត្រឹមត្រូវ នោះហានិភ័យអាចនឹងកាត់បន្ថយបានច្រើន»។

យោងតាមការសិក្សាមួយ ដោយផ្អែកលើតួលេខពីប្រទេសកម្ពុជា បានប៉ាន់ប្រមាណថា ចំនួនសត្វខ្សឹបនៅលើពិភពលោក មានការថយចុះយ៉ាងឆាប់រហ័ស ក្នុងពេលចុងក្រោយនេះ។ អត្រានៃការថយចុះនាពេលបច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាតែមួយ ស្មើនឹងការធ្លាក់ចុះនៃចំនួនសត្វខ្សឹបនៅលើពិភពលោកជាង ៨០% (T. Gray in litt. 2006)៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: