នៅចាំក្មេងប្រុសអាយុទើបតែ ២ឆ្នាំ ចេះកាន់ចង្កឹះស្ទាត់ទេ? តាមពិតក្មេងកម្សត់នេះកំពុងតស៊ូយកឈ្នះជំងឺមហារីកគ្រាប់ឈាមយ៉ាងកាចសាហាវ
ប៉ុន្មានរយៈនេះយើងឃើញមានវីដេអូមួយ ដែលបង្ហោះដោយ South China Morning Post កំពុងមានភាពល្បីល្បាញ ដោយកុមារាមកពីក្រុង Hulunbuir ប្រទេសចិនម្នាក់ បានបង្ហាញភាពស្ទាត់ជំនាញក្នុងការចាប់កាន់ចង្កឹះរបស់គេ។ ប៉ុន្តែអ្វីដែលមនុស្សមួយចំនួនប្រហែលជាមិនទាន់បានដឹងនៅឡើយគឺ កុមារាឈ្មោះ Haihai អាយុទើបតែ ២ឆ្នាំ ម្នាក់នេះ កំពុងតែជំនះជំងឺមហារីកគ្រាប់ឈាម ដែលរូបគេចាប់ផ្តើមទទួលការព្យាបាលតាំងពី ខែមករា ឆ្នាំ២០១៨ មកម្ល៉េះ។

យោងតាមកាសែត South China Morning Post បានឱ្យដឹងថា Haihai ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានមហារីក និងកំពុងធ្វើការព្យាបាលនៅមន្ទីរពេទ្យមួយក្នុងទីក្រុងប៉េកាំង ដោយគ្រួសាររបស់គាត់បានចំណាយប្រាក់ប្រហែល ៧០០,០០០យ័ន (១០៤,២៧៥ ដុល្លារអាមេរិក) តាំងពីចាប់ផ្តើមការព្យាបាលមក។ យ៉ាងណាក៏ដោយមិនមែនមានតែ Haihai ទេដែលកំពុងតែជំនះនឹងមហារីក ជីដូនរបស់កុមារានេះក៏កំពុងសម្រាកព្យាបាលជំងឺមហារីសុដន់ផងដែរ ដែលធ្វើឱ្យជីវភាពរបស់គ្រួសារកាន់ពិបាក។
ក្រោយមកគ្រួសាររបស់ Haihai បានចាប់ផ្តើមខ្ចីលុយបងប្អូន និងមិត្តភ័ក្តិដើម្បីព្យាបាលរូបគេ ប៉ុន្តែដោយសារតែបំណុលកាន់តែកើន ទើបពួកគេសម្រេចចិត្តប្រកាសរកជំនួយ ហើយក្រោយមកម្តាយរបស់ Haihai ក៏បានបង្ហោះវីដេអូនដែលកុមារានេះកំពុងកាន់ចង្កឹះញ៉ាំចំណីយ៉ាងស្ទាត់ជំនាញ។ ក្រោយមកកុមារានេះក៏បានជួបសប្បុរសជន ហើយរូបគេក៏មានឈ្មោះល្បីល្បាញលើបណ្តាញសង្គមរបស់ចិន និងអាចឱ្យគ្រួសារទទួលចំណូលទៀតផង៕

អត្ថបទ៖ លីដា
ប្រភព៖ nextshark