ចូលរួមឱ្យច្រើនកុះករ! ព្រឹត្តិការណ៍ដ៏អស្ចារ្យ «បុណ្យទន្លេលើកទី៨» នឹងប្រារព្ធក្នុងខេត្តសៀមរាប ជាមួយកម្មវិធីសប្បាយៗ ព្រមទាំងមានការអុចកាំជ្រួច រយៈពេល ២ថ្ងៃ
- February 28, 2024
ខេត្តសៀមរាប៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្រសួងទេសចរណ៍ រួមសហការជាមួយនឹងរដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន នឹងរៀបចំពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ៧កើត-៨កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងរួមចំណែកជម្រុញកំណើន ភ្ញៀវទេសចរ និងបង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្ត តាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជួយជំរុញផ្សព្វផ្សាយផងដែរនូវភាពសម្បូរបែបនៃអនុតំបន់មេគង្គ។
នៅក្នុងព្រឹត្តិការណ៍ជាតិដ៏មានមោទនភាព និងសោមនស្សរីករាយនេះ នឹងមានសកម្មភាពសំខាន់ៗសម្រាប់ ការទស្សនា និងកម្សាន្ត ដូចខាងក្រោម៖
១. ការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពីក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួចអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ព្រមទាំងយុទ្ធនាការឆ្នាំទស្សនា សៀមរាប ២០២៤។
២. ការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារមេគង្គ ព្រមទាំង សកម្មភាពកម្សាន្តនានានៅតាមបណ្តោយដងស្ទឹងសៀមរាប និងតំបន់ Pub Street ផងដែរ។
អាស្រ័យហេតុនេះ សូមអញ្ជើញ ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជនចូលរួមទស្សនា និងកម្សាន្តសប្បាយ រីករាយចាប់ពីថ្ងៃទី១៥-១៦ និង១៧ ខែមីនា ឆ្នាំ២០២៤ ដោយមេត្រីភាព ៕



ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration
- Share This Post:






