ក្រសួងសាធារណការ អនុវត្តជាបណ្តោះអាសន្នសម្រាប់រថយន្តសណ្តោងសឺមីរ៉ឺម៉ក ដែលមានភ្លៅ ៦ឡើង អាចដឹកជញ្ជូនរហូតដល់ទម្ងន់ ៤៥តោន
- February 29, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីណែនាំ ស្តីពីការអនុវត្តជាបណ្តោះអាសន្នសម្រាប់រថយន្តសណ្តោងសឺមីរ៉ឺម៉ក ដែលមានភ្លៅ៦(ប្រាំមួយ) ឡើង អាចដឹកជញ្ជូនរហូតដល់ទម្ងន់ ៤៥តោន។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការណែនាំ និងដាក់ចេញនូវយន្តការមួយចំនួនសម្រាប់អនុវត្ត ដូចខាងក្រោម៖
១- អនុញ្ញាតឱ្យម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ឬម្ចាស់រថយន្តធុនធ្ងន់ដែលមានរថយន្តសណ្តោង សឺមីរ៉ឺម៉ក ចាប់ពីភ្លៅ៦ (ប្រាំមួយ)ឡើងទៅ អាចដឹកជញ្ជូនលើបណ្តាញផ្លូវជាតិ១ (មួយ)លេខ និងផ្លូវជាតិ២ (ពីរ) លេខ រហូតដល់ ទម្ងន់៤៥តោន ចាប់ពីថ្ងៃចេញសេចក្តីណែនាំនេះតទៅ រហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មី។
២- ចំពោះរថយន្ត និងរថយន្តសណ្តោងសឺមីរ៉ឺម៉កដែលមានភ្លៅតិចជាង ៦ (ប្រាំមួយ) ត្រូវបន្ត អនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ជាធរមាន ដដែល។
៣- មន្ត្រីប្រចាំការនៅតាមអង្គភាពស្ថានីយថ្លឹងរថយន្តនីមួយៗ និងមន្ត្រីក្រុមជញ្ជីងចល័ត ត្រូវ ទទួលបន្ទុកធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ម៉ឹងម៉ាត់ និងត្រូវសម្របសម្រួលលើការអនុញ្ញាត ដល់ការដំឡើងកម្រិតទម្ងន់ដូចបានកំណត់ក្នុងចំណុចទី១ខាងលើ ឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ព្រមទាំងប្រកបដោយស្មារតីមនសិការវិជ្ជាជីវៈដែលមានការទទួលខុស ត្រូវខ្ពស់បំផុត ដើម្បីធានាចីរភាពដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ឱ្យបានគង់វង្សតាម អាយុកាលបច្ចេកទេសកំណត់។
៤- សមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា សមាគម ភស្តុភារកម្មកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ឬម្ចាស់រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ត្រូវសហការជាមួយមន្ត្រីអង្គភាពស្ថានីយថ្លឹងរថយន្ត និងមន្ត្រីក្រុមជញ្ជឹងចល័តដែល ទទួលខុសត្រូវក្នុងការត្រួតពិនិត្យទម្ងន់រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅតាម គោលដៅនីមួយៗ ឱ្យមានសង្គតិភាពយ៉ាងត្រឹមត្រូវ និងត្រូវអនុវត្តបទប្បញ្ញត្តិនៃច្បាប់ស្តី ពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។
៥- ក្នុងករណីដែលមន្ត្រីប្រចាំការនៅតាមអង្គភាពស្ថានីយថ្លឹងរថយន្តនីមួយៗ និងមន្ត្រីក្រុមជញ្ជីង ថ្លឹងរថយន្តចល័តណាមួយមិនអនុវត្តតាមសេចក្ដីណែនាំនេះ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ឬ ម្ចាស់រថយន្តធុនធ្ងន់ ឬអ្នកបើកបររថយន្តធុនធ្ងន់ អាចជូនដំណឹងមកក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈ ហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖ (https://www.facebook.com/mpwt.gov.kh) ឬទូរស័ព្ទលេខៈ១២៧៥ ៕










ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT
- Share This Post:






