ព័ត៌មានជាតិ

សោកស្ដាយ! កាសែតភ្នំពេញប៉ុស្តិ៍ ដែលមានអាយុកាលជាង៣០ឆ្នាំ ប្រកាសបញ្ឈប់ការបោះពុម្ពផ្សាយកាសែតទាំងភាសាខ្មែរ និងភាសាអង់គ្លេស ត្រឹមថ្ងៃទី២៩ ខែមីនា

BY
Khmernote Media
March 1, 2024

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ កាសែតភ្នំពេញប៉ុស្តិ៍ មុននេះបន្តិច បានប្រកាសបញ្ឈប់ការបោះពុម្ពផ្សាយកាសែតទាំងភាសាខ្មែរ និងភាសាអង់គ្លេស ត្រឹមថ្ងៃទី២៩ ខែមីនា បន្ទាប់ពីដំណើរការអស់រយៈពេលជាង ៣០ឆ្នាំ ដោយសារតែមិនអាចទ្រទ្រង់ការខាតបង់បន្តទៀតបាន។

តាមរយៈខ្លឹមសារក្នុងសេចក្ដីជូនដំណឹងរបស់ កាសែតភ្នំពេញប៉ុស្តិ៍ បាន​ឱ្យដឹងថា៖ តាំងពីមានវិបត្តិកូវីដ១៩ និងស្ថានភាពសេដ្ឋកិច្ចជាតិថមថយក្រោយកូវីដ១៩ ការផ្សាយពាណិជ្ជកម្មដែលជាចំណូលចម្បងរបស់កាសែតភ្នំពេញប៉ុស្តិ៍ បានបន្តធ្លាក់ចុះយ៉ាងខ្លាំង។ ម្យ៉ាងទៀត ការវិវត្តយ៉ាងឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិទ្យានិងការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម បានធ្វើឱ្យក្រុមហ៊ុនប្រឈមនឹងបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។ ម្ចាស់ភាគហ៊ុនបានខិតខំបណ្តាក់ទុនបន្ថែមនិងរកគ្រប់មធ្យោបាយដើម្បីស្ដារស្ថានភាព និងបង្កើនប្រាក់ចំណូល សម្រាប់ទ្រទ្រង់ដំណើរការក្រុមហ៊ុន និងបន្តការបោះពុម្ពផ្សាយកាសែតភ្នំពេញប៉ុស្តិ៍ ដែលជាសារព័ត៌មានឯករាជ្យ វិជ្ជាជីវៈ និងមានអាយុកាលជាង ៣០ឆ្នាំ ប៉ុន្តែនៅតែមិនអាចទ្រទ្រង់ការខាតបង់បន្តទៀតបាន ហេតុនេះម្ចាស់ភាគហ៊ុនបានសម្រេចដោយសេចក្តីសោកស្តាយ បញ្ឈប់ការបោះពុម្ពផ្សាយកាសែតភ្នំពេញប៉ុស្តិ៍ទាំងភាសាខ្មែរ និងភាសាអង់គ្លេស ត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ៕

ប្រភព៖​ Post Khmer

Share This Post: