ព័ត៌មានជាតិ

ជនបរទេសដែលចោទប្រកាន់លើសមត្ថកិច្ច ដោយសារខឹងផាកពិន័យអស់ ១លានរៀល បានមកសារភាពទទួលកំហុស និងសុំទោសជាសាធារណៈ នៅស្នងការរាជធានីភ្នំពេញ

BY
Khmernote Media
March 4, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ម្សិលមិញនេះ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីជនបរទេសម្នាក់ បង្ហោះសារតាមបណ្តាញសង្គម ដែលចោទប្រកាន់លើសមត្ថកិច្ចអនុវត្តច្បាប់គ្មានមូលដ្ឋាន ក្នុងពេលត្រួតពិនិត្យជាតិស្រវឹង ត្រូវបានកោះហៅមកសារភាពទទួលកំហុស និងសុំទោសជាសាធារណៈ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដោយអនុវត្តតាមបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅជនបរទេសឈ្មោះ Jacobus Francois ជនជាតិ Republic of Africa មកបំភ្លឺ ជុំវិញដែលជនបរទេសនេះបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ០.៩១ mg/L នៅខណ្ឌបឹងកេងកង កាលយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ និងសរសេរសារចោទប្រកាន់មកលើសមត្ថកិច្ចអនុវត្តច្បាប់គ្មានមូលដ្ឋាន ដែលនាំឲ្យមហាជនអ្នកលេងបណ្តាញសង្គមមានការយល់ច្រឡំ។

នៅចំពោះមុខសមត្ថកិច្ចជំនាញជនបរទេសរូបនេះបានសារភាពទទួលកំហុស និងសុំទោសជាសាធារណៈ ជាពិសេសប្រជាជនកម្ពុជា ចំពោះកំហុសខុសឆ្គងអ្វីដែលគាត់បានបង្ហោះក្នុងអាខោនហ្វេសប៊ុកឈ្មោះ Franco du Toit ដោយសារគាត់ស្រវឹង និងខឹងសមត្ថកិច្ចផាកពិន័យចំនួន១លានរៀល ទើបគាត់លួចថតសមត្ថកិច្ចគ្មានការអនុញ្ញាត។ បច្ចុប្បន្នកិច្ចការនេះសមត្ថកិច្ចកំពុងអនុវត្តនីតិវិធី៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: