អាជ្ញាធរទេសចរណ៍ថៃរំពឹងថា នឹងមានភ្ញៀវទេសចរមិនក្រោម២លាននាក់ឡើយមកកម្សាន្តថ្ងៃចូលឆ្នាំថ្មីក្នុងប្រទេសខ្លួន
អាជ្ញាធរទេសចរណ៍ថៃលោក Yuthasak Supasorn បាននិយាយថា ការមកដល់នៃភ្ញៀវអន្តរជាតិចំនួន ៣០០,០០០នាក់ និងភ្ញៀវក្នុងស្រុក ២លាននាក់ ត្រូវបានគេរំពឹងថា នឹងមកចូលរួមអបអរពិធីបុណ្យចូលឆ្នាំរយៈពេល ៥ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃ ទី១២ ខែមេសា ឆ្នាំ២០១៩។ លោកបានបន្តថា ដោយសារមានការចូលរួមពីភ្ញៀវទេសចរកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ រដ្ឋាភិបាលថៃបានអនុម័តថ្ងៃឈប់សម្រាកបន្ថែម ដោយមានចាប់ថ្ងៃ ទី១២ តទៅខណៈរាល់ឆ្នាំមានចាប់ពីថ្ងៃ ទី១៣ ដល់ ១៦ ខែមេសា។

លោក Yuthasak Supasorn ក៏បានទទួលស្គាល់ដែរថា លោកមានការព្រួយបារម្ភតិចតួចអំពីគុណភាពខ្យល់អាកាសតាមបណ្តាខេត្តនៅភាគខាងជើង ជាពិសេសខេត្តឈៀងម៉ៃ ដែលជាទីកន្លែងសម្រាប់ពិធីបុណ្យចូលឆ្នាំដ៏សំខាន់មួយ។ លោក Yuthasak សង្ឃឹមថា ស្ថានការណ៍នៃវិបត្តិខ្យល់កខ្វក់នេះនឹងប្រសើរឡើងវិញនាពេលឆាប់ៗ។ ថ្លែងនៅពិធីគម្រប់ខួបទី ៥៩ នៃអាជ្ញាធរទេសចរណ៍ថៃ (TAT) លោកបានបន្តថា ទីភ្នាក់ងារនឹងបន្តលើកកម្ពស់វិស័យទេសចរណ៍ ដើម្បីកាត់បន្ថយវិសមភាពសេដ្ឋកិច្ចដោយលើកទឹកចិត្តឱ្យភ្ញៀវទេសចរទៅទស្សនាខេត្តលំដាប់ ទី២ របស់ប្រទេសមួយនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ thephuketnews