ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវសប្បុរសជន ចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ តាមសទ្ធាជ្រះថ្លា ដើម្បីលើកទឹកចិត្តដល់កងទ័ពការពារទឹកដីនៅតាមបន្ទាត់ព្រំដែន

BY
Khmernote Media
March 11, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីអំពាវនាវដល់សប្បុរសជន មេត្តាចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ពការពារទឹកដីនៅតាមបន្ទាត់ព្រំដែនជួរមុខ។

នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ គណៈអភិបាលរាជធានីភ្នំពេញ នឹងដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញ ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញរួមមាន កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ វរៈនគរបាលការពារព្រំដែនលេខ៧៩៣ ឈរជើងការពារនៅខ្សែក្រវាត់ ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូចអន្តរាគមន៍លេខ១២៨ ឈរជើងការពារនៅតំបន់ អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ដើម្បីឲ្យការចុះសួរសុខទុក្ខនេះទទួលជោគជ័យ បង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុងការចូលរួមលើកទឹកចិត្តដល់យុទ្ធជនតាមបន្ទាត់ព្រំដែនជួរមុខ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន លោក លោកស្រីអភិបាលខណ្ឌ ប្រធានមន្ទីរ អង្គភាពចំណុះ ទាំងអស់ មេត្តាចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាម លទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ពការពារ ទឹកដីនៅតាមបន្ទាត់ព្រំដែនជួរមុខ។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់លើស្មារតី និងទឹកចិត្តសប្បុរសធម៌ របស់ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ដែលជាវប្បធម៌ នៃការចែករំលែក របស់ប្រជាជាតិយើង។ អំណោយទាំងអស់ សូមមេត្តាយកមកប្រគល់ជូននៅទីចាត់ការហិរញ្ញវត្ថុ សាលារាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខ ០៦១ ៧៩៩ ៩៩៧ / ០១២ ៤២៥ ៩៨៩ ឬបង្វែរតាមគណនី ធនាគារ ABA របស់រដ្ឋបាលរាជធានីភ្នំពេញ៖ PHNOM PENH CAPITAL HALL លេខ៖ 002 427 351 (KHR) និងលេខ៖ 002 427 343 (USD)៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

Share This Post: