ព័ត៌មានជាតិ

ខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តបាត់ដំបង» រយៈពេល៥ថ្ងៃ ដែលមានការតាំងបង្ហាញមុខម្ហូបអ្នកបាត់ដំបង ចាប៉ីដងវែង ទុរេនយក្ស ណែមយក្ស ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ

BY
Khmernote Media
March 15, 2024

ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីជូនដំណឹងដល់សាធារណជន ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិទាំងនៅក្នុងប្រទេស និងក្រៅប្រទេសឲ្យ បានជ្រាបថា រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៤” រយៈពេល៥ថ្ងៃ ក្នុងគោលបំណងបង្កើតការសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ។

ក្នុងនោះក៏មានការផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីដ៏ល្អ ផូរផង់តាមរយៈការរៀបចំកម្មវិធីសិល្បៈ លេងល្បែងប្រជាប្រិយផ្សេងៗ ជាពិសេសចង់បង្ហាញដល់ភ្ញៀវជាតិ អន្តរជាតិឱ្យ ស្គាល់ពីទំនៀមទម្លាប់នៃការរស់នៅក៏ដូចជាសក្តានុពលនានារបស់ខេត្តបាត់ដំបង តាមរយៈការរៀបចំដាក់តាំងបង្ហាញ នូវផលិតផលតាមបណ្តាក្រុង ស្រុកទាំង១៤ ការតាំងបង្ហាញមុខម្ហូបអ្នកបាត់ដំបង ចាប៉ីដងវែង ទុរេនយក្ស ណែមយក្ស និងនៅពេលរាត្រីមានការប្រគំតន្ត្រី ការប្រកួតកីឡាប្រដាល់គុនខ្មែរ ព្រមទាំងមានការរៀបចំតុបតែងលម្អភ្លើងពណ៌ក្នុង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

«ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៤ នឹងប្រព្រឹត្តទៅនាថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្តោយវិថី សម្តេចក្រឡាហោម ស ខេង ក្នុងបរិវេណវិទ្យាល័យនេតយ៉ង់ និងបរិវេណខាងមុខសារមន្ទីរ ប្រវត្តិសាស្ត្រខេត្ត (សាលាខេត្ត) ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។»

រដ្ឋបាលខេត្តបាត់ដំបង និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង សង្ឃឹមយ៉ាង មុតមាំថា សាធារណជន ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិទាំងនៅក្នុងប្រទេស និងក្រៅប្រទេសនឹងមកចូលរួមទស្សនាកំសាន្តក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៤” ឱ្យបានច្រើនកុះករ អធិកអធម ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី និងលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរ ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

Share This Post: