ស្នងការរាជធានីភ្នំពេញ បំភ្លឺករណីមន្ត្រីនគរបាលចរាចរណ៍ ឃាត់រថយន្ត Toyota Prius ឱ្យឈប់អែបកៀន ខណៈដែលភ្លើងស្ដុបលោតពណ៌បៃតង
- March 27, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សូមបំភ្លឺជូនសាធារណជនចំពោះគណនីឈ្មោះ Kimsour Eung បានបង្ហោះព័ត៌មានក្នុងបណ្តាញសង្គមខ្លឹមសារ គាត់ធ្វើដំណើរទៅមុខនៅពេលភ្លើងសញ្ញាចរាចរណ៍ពណ៌បៃតង ហេតុអ្វីមន្ត្រីនគរបាលចរាចរណ៍ ហៅឃាត់រថយន្តសួរនាំ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ កម្លាំងផ្នែកសណ្តាប់ធ្នាប់-ចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅលើកំណាត់ផ្លូវ២០១១ ខាងជើងស្តុប២០០៤ នៅខណ្ឌពោធិ៍សែនជ័យ ខណៈនោះមានរថយន្តម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ឈប់ជាន់លើគំនូសសម្រាប់អ្នកថ្មើរជើង ល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ពេលកំពុងរង់ចាំភ្លើងសញ្ញាចរាចរណ៍ពណ៌បៃតង។
លុះបន្ទាប់ពីភ្លើងសញ្ញាចរាចរណ៍ពណ៌បៃតងលោតឡើង រថយន្តនោះបានធ្វើដំណើរទៅមុខ ខណៈនោះមន្ត្រីនគរបាលប្រចាំគោលដៅខាងលើ ហៅឃាត់រថយន្តឱ្យឈប់ចូលអែបកៀន ដើម្បីធ្វើការសួរនាំ បន្ទាប់មកឃើញស្ត្រីនោះមានផ្ទៃពោះចុះពីក្នុងរថយន្ត សមត្ថកិច្ចក៏បានអប់រំណែនាំ ចំពោះការឈប់ជាន់លើគំនូសសម្រាប់អ្នកថ្មើរជើង ហើយក៏អនុញ្ញាតឱ្យគាត់បន្តដំណើរទៅមុខដោយមិនមានការផាកពិន័យនោះទេ។ អាស្រ័យដូចបានជម្រាបជូនខ្លឹមសារខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕


- Share This Post:






