ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ៖ «អំណឹះនេះតទៅត្រីណាស្អុយត្រូវដកត្រីនោះចេញ»
- March 27, 2024
រាជធានីភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងនៅថ្ងៃទី២៧ ខែមីនានេះ ដោយជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងវិស័យយុត្តិធម៌ពង្រឹងវិន័យ ដើម្បីដកបណ្ដាសាដែលគេតែងមុសាលើអង្គចៅក្រមថា «ត្រីមួយកន្ត្រកស្អុយមួយស្អុយទាំងអស់» ដោយពីអំណឹះនេះតទៅត្រីណាស្អុយត្រូវដកត្រីនោះចេញ។

ការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌យ៉ាងដូច្នេះ គឺជាការឯកភាពជាមួយការលើកឡើងរបស់ប្រធានតុលាការកំពូលឯកឧត្តម ជីវ កេង ដែលចូលរួមក្នុងឱកាសក្រសួងយុត្តិធម៌បើកមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសឆ្នាំ២០២៣។
នៅក្នុងជំហរម៉ឺងម៉ាត់ឯកឧត្តមបានសង្កត់ធ្ងន់ថា មិនអនុញ្ញាតឱ្យត្រីមួយដែលស្អុយមកសម្អុយត្រីមួយកន្ត្រកទេ ដើម្បីសម្រេចទិសដៅផ្ដល់សេវាយុត្តិធម៌ឱ្យបានល្អប្រសើរ គុណភាពនិងកាន់តែសុក្រឹត្យ ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើប្រព័ន្ធយុត្តិធម៌ ៕


- Share This Post:






