សូមប្រុងប្រយ័ត្ន! មកដឹងពីវិធីសាស្ត្រក្នុងការការពារខ្លួន ចំពោះល្បិចឆបោករបស់ក្រុមហ៊ុន និងបុគ្គលខិលខូច ដែលផ្តល់ឥណទាន ឬកម្ចីអនឡាញខុសច្បាប់
- March 30, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា ថ្មីៗនេះ វត្តមានក្រុមហ៊ុនមិនស្របច្បាប់ និងជនខិលខូចបានផ្សព្វផ្សាយឡើងវិញ តាមរយៈប្រព័ន្ធអ៊ីនធឺណិត បិតផ្សាយខិត្តប័ណ្ណនៅតាមទីសាធារណៈ និងបណ្តាញសង្គមនានា ពីការផ្ដល់ឥណទាន ឬកម្ចីអនឡាញខុសច្បាប់។

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បានឱ្យដឹងពីល្បិចឆបោករបស់ក្រុមហ៊ុន និងបុគ្គលខិលខូច មានដូចជា៖
១- ការអូសទាញ និងបញ្ចុះបញ្ចូលជនរងគ្រោះឲ្យខ្ចីប្រាក់ ដោយសន្យាផ្តល់ប្រាក់ងាយស្រួល និងមិនទាមទារឯកសារច្រើន
២- ការលួងលោមជនរងគ្រោះឲ្យបំពេញលក្ខខណ្ឌមួយចំនួនមុននឹងទទួលបានកម្ចី ដូចជា តម្រូវឲ្យបង់សេវារដ្ឋបាល ថតរូបអត្តសញ្ញាណប័ណ្ណ និងថតរូបអាក្រាតកាយជាដើម។
៣- ការគំរាមកំហែងយកប្រាក់ ឬបង្ខំជនរងគ្រោះឲ្យសងប្រាក់ជាមួយនឹងការប្រាក់ខ្ពស់
៤- ក្រុមបក្ខពួកជនខិលខូចលួងលោមជនរងគ្រោះ ឲ្យខ្ចីប្រាក់បន្ថែម ដើម្បីដោះស្រាយបំណុលចាស់ជាមួយលក្ខខណ្ឌងាយៗ ដើម្បីឱ្យជនរងគ្រោះធ្លាក់ក្នុងអន្ទាក់ពុំអាចដកខ្លួនរួច
៥- ការគំរាមកំហែងធ្វើបាបក្រុមគ្រួសារ សាច់ញាតិ ឬគំរាមបង្ហោះរូបភាពអាក្រាតកាយរបស់ជនរងគ្រោះនៅលើបណ្តាញសង្គមនានា ឬតាមទីសាធារណៈជាដើម។
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋសារជាថ្មី ឱ្យមានការប្រុងប្រយ័ត្នចំពោះសេវាផ្តល់ឥណទាន ឬកម្ចីអនឡាញខុសច្បាប់កម្ចី តាមវិធីសាស្ត្រដូចខាងក្រោម៖
១- ចៀសវាងការខ្ចីឥណទានពីក្រុមហ៊ុន ឬបុគ្គល ដែលពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ
២- សិក្សាជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា មុននឹងសម្រេចចិត្តទទួលប្រាក់កម្ចី
៣- រាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលា ឬរាយការណ៍ទៅធនាគារជាតិនៃកម្ពុជា ប្រសិនបើអ្នក ឬសាច់ញាតិជាប់ពាក់ព័ន្ធនឹងកម្ចីអនឡាញខុសច្បាប់។
** លេខទំនាក់ទំនងសម្រាប់រាយការណ៍ទៅធនាគារជាតិនៃកម្ពុជា៖ ០៨៥ ៦០០ ០០២, ០៨៥ ៦០០ ០០៣, ០៩៨ ២២០ ០០១, ០៩៨ ២២០ ០០២ និង ០៩៧ ២៧៨ ៣០៣០ ។ សម្រាប់លេខទំនាក់ទំនងខាងលើនេះ ប្រជាពលរដ្ឋក៏អាចប្រឹក្សាយោបល់ សាកសួរពីចម្ងល់ និងបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុនានាផងដែរ ៕

- Share This Post:






