អាកាសយានដ្ឋានសៀមរាបអង្គរ ស្ថិតក្នុងចំណោមព្រលានយន្តហោះ ដែលមានការតភ្ជាប់បណ្តាញ Wi-Fi ល្អជាងគេទាំង២០ នៅលើពិភពលោកក្នុងឆ្នាំ២០២៤
- April 2, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានជាប់ជាអាកាសយានដ្ឋានមួយ ក្នុងចំណោមអាកាសយានដ្ឋាន ចំនួន ២០ ដែលមានការតភ្ជាប់បណ្តាញ Wi-Fi ល្អជាងគេបំផុត នៅទូទាំងពិភពលោក ក្នុងឆ្នាំ២០២៤នេះ។
យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនអាកាសចរណ៍ Skytrax បានឱ្យដឹងថា អាកាសយានដ្ឋានសៀមរាបអង្គរ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលចំណាត់ថ្នាក់ទី១៩ ជាមួយនឹងពិន្ទុ ៣,៥០ នៃពិន្ទុសរុប ៥,០០ ដោយឈរនៅលេខរៀងបន្ទាប់ពីអាកាសយានដ្ឋាន Vancouver របស់ប្រទេសកាណាដា ប៉ុន្តែបាននាំមុខអាកាសយានដ្ឋាន Glasglow Prestwick របស់ចក្រភពអង់គ្លេស។ ជាមួយនឹងចំណាត់ថ្នាក់នេះ គេហទំព័រ Seasia បានឱ្យដឹងថា «ការទទួលស្គាល់នេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់អាកាសយានដ្ឋានសៀមរាបអង្គរ ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ Wi-Fi របស់ខ្លួន និងផ្តល់ឱ្យអ្នកដំណើរនូវជម្រើសនៃការតភ្ជាប់កាន់តែប្រសើរឡើង នៅពេលឆ្លងកាត់អាកាសយានដ្ឋាននេះ»។
អាកាសយានដ្ឋាន នៃប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ពីរផ្សេងទៀត គឺអាកាសយានដ្ឋាន Noi Bai នៃរដ្ឋធានីហាណូយ ប្រទេសវៀតណាម និងអាកាសយានដ្ឋាន Changi នៃប្រទេសសិង្ហបុរី ក៏ស្ថិតនៅក្នុងបញ្ជីនេះដែរ ដោយឈរនៅលេខរៀងទី៦ និងទី៨។
សូមបញ្ជាក់ថា អាកាសយានដ្ឋាន Ljubljana នៃប្រទេសស្លូវេនៀ ស្ថិតនៅកំពូលតារាង ជាមួយនឹងពិន្ទុ ៤,៤៦ រីឯអាកាសយានដ្ឋានហុងកុង នៃតំបន់រដ្ឋបាលពិសេសហុងកុងរបស់ប្រទេសចិន ឈរនៅលេខរៀងទី២ ជាមួយនឹងពិន្ទុ ៤,២៥ ហើយអាកាសយានដ្ឋាន Helsinki Vantaa នៃប្រទេសហ្វាំងឡង់ ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ដោយទទួលបានពិន្ទុ ៤,២៤៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
- Share This Post: