ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ហាមឃាត់ការផ្សព្វផ្សាយ ចែកចាយ ឬលក់ផលិតផលឈ្មោះ HYPOLY ដោយសារគ្មានលេខបញ្ជិកាពីក្រសួង ,ផ្សព្វផ្សាយមានលក្ខណៈបំផ្លើសហួសពីការពិត និងពុំមានលក្ខណៈវិទ្យាសាស្ត្រត្រឹមត្រូវ

    BY Liny Chan April 3, 2024
    ក្រសួងសុខាភិបាល ហាមឃាត់ការផ្សព្វផ្សាយ ចែកចាយ ឬលក់ផលិតផលឈ្មោះ HYPOLY ដោយសារគ្មានលេខបញ្ជិកាពីក្រសួង ,ផ្សព្វផ្សាយមានលក្ខណៈបំផ្លើសហួសពីការពិត និងពុំមានលក្ខណៈវិទ្យាសាស្ត្រត្រឹមត្រូវ

    ក្រសួងសុខាភិបាល កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ បានហាមឃាត់ការផ្សព្វផ្សាយ ចែកចាយ ឬលក់ផលិតផលឈ្មោះ HYPOLY ដោយសារគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។ ការហាមឃាត់នេះ ត្រូវបានធ្វើឡើង ក្រោយក្រសួងពិនិត្យឃើញមានគណនីបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនផ្សព្វផ្សាយលក់ មានលក្ខណៈបំផ្លើសហួសពីការពិត និងពុំមានលក្ខណៈវិទ្យាសាស្ត្រត្រឹមត្រូវ។

    នៅក្នុងសេចក្ដីជូនដំណឹង ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រសួងពិនិត្យឃើញមានគណនីបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនដូចជា ១. Hypoly គ្រាប់ ទឹកពុះទឹកនោមផ្អែមលេខ 1 Cambodia ,២. Hypoly ដំណោះស្រាយថ្មីសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម , ៣. មជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែម – Hypoly , ៤. ជុំ ចិត្រា – 0967.447.362 និងគណនីមួយចំនួនទៀត កំពុងផ្សព្វផ្សាយលក់ផលិតផលឈ្មោះ HYPOLY គ្មានលេខបញ្ជីកាពីក្រសួងសុខាភិបាល ដូចមានរូបភាព ភ្ជាប់មកជាមួយ។

    ក្រសួងសុខាភិបាលក៏បានបញ្ជាក់ផងដែរថា អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាល ជំងឺគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជីកាពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញឱសថ ឬផលិតផលគ្រប់ប្រភេទ ត្រូវពិនិត្យមើលលតាបត្របញ្ជីកាដែលមានបិទ លើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ ក្រុមហ៊ុន ២-ផ្នែកខាងក្រោមមានលេខបញ្ជីកាដូចមានគំរូភ្ជាប់មកជាមួយ។

    ជាមួយគ្នានោះ ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋជ្រាបថា ការផ្សព្វផ្សាយផលិតផល ខាងលើ ដែលមានខ្លឹមសារថាព្យាបាលជំងឺទឹកនោមផ្អែមឱ្យជាសះស្បើយ ជាការផ្សព្វផ្សាយមានលក្ខណៈ បំផ្លើសហួសពីការពិត និងពុំមានលក្ខណៈវិទ្យាសាស្ត្រត្រឹមត្រូវឡើយ។ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់កុំទិញ និងប្រើប្រាស់ផលិតផលខាងលើនេះឡើយ ព្រោះផលិតផលនេះមិនអាចធានាបាននូវ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព បានឡើយ ហើយអាចជាផលិតផលក្លែងក្លាយបណ្តាលឱ្យខាតបង់ប្រាក់កាស ពេលវេលា ក្នុងការព្យាបាល ប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។

    ក្រសួងសុខាភិបាល តម្រូវឱ្យបុគ្គលដែលផ្សព្វផ្សាយ ចែកចាយ ឬលក់ផលិតផលគ្មានលេខបញ្ជីកា ខាងលើ រួមទាំងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការផ្សព្វផ្សាយ នាំចូល ចែកចាយ ឬលក់ផលិតផលខាងលើ នេះជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការទៅតាមផ្លូវច្បាប់ចំពោះជនណាដែលផ្សព្វផ្សាយ ចែកចាយ ឬលក់ផលិតផលគ្មានលេខបញ្ជីកាខាងលើ និងជនពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់ជាធរមាន៕

    ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    Share This Post: