ព័ត៌មានជាតិ

ស្នងការខេត្តបាត់ដំបង ឱ្យម្ចាស់ហ្វេសប៊ុកមួយលុបចោលខ្លឹមសារបង្ហោះថា «សាហាវណាស់ខឹងចិត្តប៉ូលិសផាកអត់មួក៦ម៉ឺន បង្ហូរសាំងដុតម៉ូតូដើរចេញធ្វើព្រងើយ» ដែលផ្ទុយពីការពិត

BY
srey nuch
April 4, 2024

ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារខេត្តបាត់ដំបង បានធ្វើការបំភ្លឺរួចហើយចំពោះករណីបុរសម្នាក់ប្រើប្រាស់គ្រឿងញៀនរហូតបាត់បង់ស្មារតីធ្វើសកម្មភាពបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃនិងដុតបំផ្លាញម៉ូតូរបស់ខ្លួនចោលនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បង្កឱ្យមានការភ្ញាក់ផ្អើល ហើយពេលបន្ទាប់សមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវ និងនាំខ្លួនអ្នកប្រព្រឹត្តិរូបនេះ យកមកសាកសួរនិងអនុវត្តទោសទៅតាមផ្លូវច្បាប់។

អ្វីដែលគួរឱ្យសោកស្តាយនោះ មានផេកហ្វេសប៊ុកឈ្មោះ Fyy Movie បានយករូបភាពវីដេអូ ដែលសមត្ថកិច្ច កំពុងធ្វើអន្តរាគមន៍ពន្លត់ភ្លើងក្នុងហេតុការណ៍នោះទៅបង្ហោះដោយសរសេរខ្លឹមសារពីខាងលើថា៖ «សាហាវណាស់ខឹងចិត្ត ប៉ូលិសផាកអត់មួក៦ម៉ឺន បង្ហូរសាំងដុតម៉ូតូដើរចេញធ្វើព្រងើយ»

ខ្លឹមសារដែលសរសេរដោយម្ចាស់ផេកខាងលើ គឺជាចេតនាទុច្ចរិតសុទ្ធសាធ ជាការបំពុលសង្គមបង្កឱ្យមានការភាន់ច្រឡំពីសំណាក់មហាជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ដែលមិនបានដឹងរឿងពិត ធ្វើការវាយតម្លៃ ដោយអវិជ្ជមានមកលើមន្រ្តីនគរបាលទៅវិញ។

ពេលនេះស្នើឱ្យម្ចាស់ផេកខាងលើ ដកចេញវិញជាបន្ទាន់នូវខ្លឹមសារដែលបានសរសេរផ្ទុយពីការពិត ដែលបានកើតឡើងជាក់ស្តែង និងសូមអ្នកប្រើប្រាស់បណ្តាញសង្គមកុំមានការភាន់ច្រឡំចំពោះខ្លឹមសារនេះ។ ដូចបានជម្រាបជូនខាងលើសូមសាធារណជនអ្នកសារព័ត៌មាននិងអ្នកប្រើប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាន សូមអរគុណ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

Share This Post: