ព័ត៌មានជាតិ

គុនខ្មែរអន្ដរជាតិ គ្រោងបង្កើតBrand ផ្លូវការឆាប់ៗ ដើម្បីជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់គុនតម្លៃ “គុនខ្មែរ” លើពិភពលោក

BY
srey nuch
April 4, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែ​មេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិអូឡាំពិក បាន​ឱ្យដឹងថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ(KIF) គ្រោងនឹងបង្កើតឲ្យមាន Brand ដែលជាឈ្មោះ ឬយីហោផ្លូវការមួយ ដើម្បីជំរុញការផ្សព្វផ្សាយ លើកកម្ពស់ និងទាញការចាប់អារម្មណ៍ទូទាំងពិភពលោក ចំពោះ “គុនខ្មែរ” ដែលជាក្បាច់គុនបន្សល់ទុកដោយបុព្វបុរសខ្មែរ ដូចបណ្ដា Brand ព្រឹត្តិការណ៍កីឡាធំៗលើពិភពលោកដែរ ។

នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ KIF ក្រោយកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ កាលពីថ្មីៗ។ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ខាងលើ មានប្រសាសន៍ថា ភារកិច្ចរបស់ KIF និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គឺរួមគ្នាជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ ដើម្បីការអភិវឌ្ឍន៍ និងអភិរក្សក្បាច់គុនបុរាណខ្មែរ ទាំងក្របខណ្ឌជាតិ និងអន្ដរជាតិ ហើយដើម្បីធានាបាននូវប្រសិទ្ធភាពការងារនេះ ត្រូវការជំរុញការរៀបចំនូវគុនខ្មែរអប់រំ ឬ Kun Khmer Education ផង និងគុនខ្មែរលក្ខណៈអាជីព ឬ Professional Kun Khmer ផង។

ឯកឧត្តមពន្យល់ថា «ការប្រកួតគុនខ្មែរ ជាលក្ខណៈកីឡា បានន័យថា ត្រូវប្រកួតក្នុងបទបញ្ជាមួយច្បាស់លាស់ ដែលការពារមិនឲ្យកីឡាករមានគ្រោះថ្នាក់ធ្ងន់ធ្ងរ គេហៅថា ការរៀបចំនូវការអប់រំគុនខ្មែរ ឬ Kun Khmer Education ដែលត្រូវរៀបចំឲ្យមានការទទួលយកបានពីក្មេងជំនាន់ក្រោយ ពីអ្នកចង់ស្រលាញ់នូវការហ្វឹកហាត់ ដើម្បីបង្កើននូវសុខភាព រាង្គកាយមាំមួន បង្កើតនូវគុណភាពជីវិតរបស់ពួកគាត់ មិនមែនហាត់គុនខ្មែរ ដើម្បីវៃគ្នា ឬអ្វីទេ គឺដើម្បីអប់រំខ្លួនគាត់ឲ្យរឹងមាំ និងពូកែតែប៉ុណ្ណឹង ។ នេះគឺជាអ្វីដែលយើងបានខិតខំប្រឹងប្រែងយកគុនខ្មែរ ឲ្យទៅជា “គុនខ្មែរអប់រំ” ។

«មួយទៀត ដើម្បីឲ្យផុសផុលរីកចម្រើន និងមានសន្ទុះចំណាប់អារម្មណ៍ខ្លាំងពីជាតិ និងអន្ដរជាតិ យើងធ្វើការរៀបចំឲ្យមាន គុនខ្មែរអាជីព ឬ Professional Kun Khmer ច្បាស់លាស់ ។ អ៊ីចឹងគុនខ្មែរ ទៅជាអាជីពផ្លូវការមួយ ដែលមានលក្ខណៈទូលំទូលាយ និងមានការគ្រប់គ្រងត្រឹមត្រូវ មានរបៀបរបបត្រឹមត្រូវ យើងធ្វើគុនខ្មែរមួយ ហើយធ្វើ Brand មួយ ធ្វើឈ្មោះ ឬយីហោមួយ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ទូទាំងពិភពលោក ដែលគេតែងតែធ្វើ Brand របស់គេ ដូចជា ONE FC ឬ UFC ជាដើម» ។ លោក វ៉ាត់ ចំរើន បន្ថែម ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា «យើងនឹងត្រៀមក្នុងការបង្កើតដែរ(Brand) ដូចជា KKFC ឬ Kun Khmer Fight ជាដើម ដែលយើងគ្រោងជ្រើសរើសក្នុងពេលឆាប់ៗ ហើយសមាជិក KIF ក៏បានគាំទ្រការបង្កើត Brand ដើម្បីជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់គុណតម្លៃរបស់គុនខ្មែរនេះផងដែរ» ។

បើតាមការបង្ហើបរបស់មន្ដ្រីកីឡាជាន់ខ្ពស់របស់កម្ពុជាដដែល បន្ទាប់ពីការកំណត់ Brand ផ្លូវការរួចរាល់ សហព័ន្ធកីឡាគុនខ្មែរអន្ដរជាតិ អាចនឹងប្រើប្រាស់ Brand នេះ នៅក្នុងការប្រកួតគុនខ្មែរអន្ដរជាតិជ្រើសរើសជើងឯកពិភពលោក លើកទី៥ ចាប់ពីថ្ងៃទី០៦-០៨ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ នៅទឹកដីអង្គរ ខេត្តសៀមរាប ៕

ប្រភព៖ Cambodia 2023

Share This Post: